អាហ្សង់ទីនមិនទាន់កំណត់ថ្ងៃចាប់ផ្តើមបាល់ទាត់ឡើងវិញនៅឡើយទេ

ចែករំលែក៖

រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាលោក Matias Lammens បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាហ្សង់ទីនមិនទាន់សម្រេចចិត្តថា តើបាល់ទាត់ក្នុងស្រុកនឹងត្រូវចាប់ផ្តើមឡើងវិញ បន្ទាប់ពីអសកម្មប៉ុន្មានខែដោយសារតែជំងឺរាតត្បាតកូវីដ-១៩នៅឡើយទេ

ក្លិបក្នុងលីគទី១ ត្រូវបានអនុញ្ញាតឲ្យចូលហ្វឹកហាត់វិញកាលពីថ្ងៃទី១០ សីហា ប៉ុន្តែទោះយ៉ាងណាក្រុមមន្រ្តីនៅតែរក្សាបាននូវផែនការដើម្បីចាប់ផ្តើមការប្រកួតឡើងវិញដើម្បីឲ្យទាន់រដូវកាលថ្មី

លោក Lammens បានប្រាប់សន្និសីទសារព័ត៌មានថា មិនទាន់មានកាលបរិច្ឆេទនៅឡើយទេ វាចាំបាច់ក្នុងការបញ្ជាក់ពីរឿងនេះ។ អ្វីដែលយើងបានបញ្ជាក់គឺការវិលត្រឡប់មកហ្វឹកហាត់ជាក្រុមតូចៗជាមួយកីឡាករ និងការរក្សាគម្លាតរបស់ពួកគេពេលមានបញ្ហាសុខភាព

លោកបានបន្តថា លោកនឹងជួបនៅសប្តាហ៍ក្រោយជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Gines Gonzalez ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ ប៉ុន្តែមិនទាន់ដឹងពីកាលបរិច្ឆេទនៃការត្រឡប់មកវិញសម្រាប់លីគកំពូលរបស់ប្រទេសនៅឡើយទេ

លោកបានបន្ថែមថា រដ្ឋាភិបាលមានការប្រុងប្រយ័ត្នក្នុងការអនុញ្ញាតឱ្យបាល់ទាត់ចាប់ផ្តើមឡើងវិញយ៉ាងលឿន ដោយលើកឡើងពីការប្រកួតដែលត្រូវបានផ្អាកជាបន្តបន្ទាប់នៅក្នុងប្រទេសប្រេស៊ីលដែលជាប្រទេសក្នុងតំបន់តែមួយជាមួយអាហ្សង់ទីន ដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩

យោងតាមតួលេខរបស់ក្រសួងសុខាភិបាលប្រទេសអាហ្សង់ទីនមានករណីឆ្លងជំងឺកូវីដ-១៩ជាង២៦៨.០០០នាក់ និងមានអ្នកស្លាប់ជាង ៥០០០នាក់រហូតមកដល់ពេលនេះ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print