ម្ចាស់ជើងឯកកីឡាវាយតឺន្នីសកម្មវិធី US Open ៣សម័យកីឡាករ Novak Djokovic សញ្ជាតិស៊ែប៊ីបានបញ្ជាក់ថា លោកនឹងវិលត្រឡប់ទៅកាន់ទីក្រុងញូវយ៉កនៅខែនេះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសWestern & Southern Open និង US Open ។
កីឡាករ Novak Djokovic បាននិយាយក្នុងបទសម្ភាសន៍មួយថា “ខ្ញុំពិតជារីករាយ ហើយខ្ញុំនឹងចូលរួមក្នុងព្រឹត្តិការណ៍ Western & Southern Open និង US Open នៅឆ្នាំនេះ។ វាមិនមែនជាការងាយស្រួលក្នុងការសំរេចចិត្តជាមួយឧបសគ្គ និងបញ្ហាប្រឈមជាច្រើនទេ ប៉ុន្តែក្តីសង្ឃឹមនៃការប្រកួតប្រជែងជាថ្មីធ្វើឱ្យខ្ញុំរំភើបណាស់។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់ទៅទីលានវិញដែលបានប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការលេងកីឡាវាយតឺន្នីសដែលជាកីឡាជំនាញរបស់ខ្ញុំ”។
លោក Djokovic បានបន្តថា “ក្នុងអាជីពរបស់ខ្ញុំ ខ្ញុំបានលេងការប្រកួតដ៏ល្អបំផុតរបស់ខ្ញុំនៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ USTA Billie Jean King ។ ខ្ញុំដឹងថា ពេលនេះវាមានភាពខុសប្លែកគ្នា ពេលដែលអនុវត្តពិធីសារ និងវិធានការសុវត្ថិភាពដែលត្រូវបានបង្កើតឡើងដើម្បីការពារកីឡាករ និងប្រជាជនញូវយ៉ក។ យ៉ាងណាក៏ដោយខ្ញុំបានហ្វឹកហាត់យ៉ាងខ្លាំងជាមួយក្រុមរបស់ខ្ញុំ និងធ្វើឱ្យរាងរបស់ខ្ញុំមាំមួនល្អ។
កម្មវិធី US Open គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា និងកម្មវិធីWestern & Southern Open ដែលជាធម្មតាធ្វើឡើងនៅ Cincinnati ក៏នឹងត្រូវលេងនៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ជាតិ USTA Billie Jean King ដែរ ដោយមិនអនុញ្ញាតឲ្យអ្នកចូលរួមទស្សនានោះទេ។
គួររំលឹកថា កាលពីខែមិថុនាលោក Djokovic និងភរិយារបស់លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ក្នុងអំឡុងពេលដំណើរទស្សនកិច្ចកីឡាកម្មវិធីពិព័រណ៍វាយតឺន្នីសដែលលោកបានរៀបចំ។ កីឡាករវាយតឺន្នីសខ្លះទៀតក៏ត្រូវបានឆ្លងជំងឺនេះផងដែរ នៅពេលកំពុងដើរទស្សនាការតាំងពិពណ៌នេះ ៕ដោយ៖ភារៈ