រដ្ឋាភិបាល​ហ្វីលីពីន ហាម​នាំចូល​សាច់មាន់​ពី​ប្រទេសប្រេ​ស៊ី​ល ក្រោយ​ទីក្រុង​ចំនួន​២ ​នៅ​ប្រទេស​ចិន រកឃើញ​កូ​រ៉ូ​ណាវី​រុស​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី​ទីក្រុង​ចំនួន​២​ នៅ​ប្រទេស​ចិន បានរកឃើញ​កូ​រ៉ូ​ណាវី​រុស ​នៅលើ​សាច់មាន់ និងជាប់អាហារ​ក្លាសេ​ដែល​នាំចូល​ពី​​ប្រទេសប្រេ​ស៊ី​ល ។ ស្រាប់តែនៅ​ថ្ងៃទី​១៤ ខែសីហា ម្សិលមិញនេះ រដ្ឋាភិបាល​ហ្វីលីពីន បានសម្រេច​ដាក់​បម្រាម​បណ្ដោះអាសន្ន​លើ​ការ​នាំចូល​សាច់មាន់​ពី​ប្រទេសប្រេ​ស៊ី​ល ។

​ជាក់ស្ដែង នៅក្នុង​សេចក្តីថ្លែងការណ៍របស់ក្រសួងកសិកម្ម​ហ្វីលីពីន បានបញ្ជាក់ថា ក្រោយ​មាន​របាយការណ៍​កាលពី​ថ្មីៗ​នេះ​ពី​ប្រទេស​ចិនរដ្ឋាភិបាល​សម្រេច​ឃាត់​ការ​នាំចូល​សាច់មាន់​ពី​ប្រទេស​ប្រេ​ស៊ី​ល​ជា​បណ្ដោះអាសន្ន​។ ក្រសួង​សង្កត់​ធ្ងន់​ថា នេះ​គឺ​អនុលោម​តាមច្បាប់​សុវត្ថិភាព​ចំណីអាហារ ដើម្បី​ការពារ​អ្នកប្រើប្រាស់​និង​អាជីវក​ហ្វីលីពីន​។

​ប៉ុន្តែទោះបីយ៉ាងណា ក្រសួង​កសិកម្ម​ហ្វីលីពីន ពុំបាន​បញ្ជាក់​រយៈពេល​នៃ​ការដាក់​បម្រាម​នេះឡើយ ហើយ​ការ​នាំចូល​សាច់​មាត់​ពី​ប្រទេស​ប្រេ​ស៊ី​ល ស្មើនឹង​២០​ភាគរយ​នៃ​ការនាំ​ចូល​សាច់​ពី​បរទេស​សរុប​។ ព្រោះប្រេ​ស៊ី​ល ជាប្រទេសរងគ្រោះ​ខ្លាំង​លំដាប់​ទី​២​លើ​ពិ​ភ​លោក​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 បន្ទាប់ពី​សហរដ្ឋអាមេរិក ដែលមាន​ករណី​ឆ្លង​ជាង​៣,២​លាន​ករណី​និង​ស្លាប់​ជាង​១០​ម៉ឺន​នាក់ចាប់តាំងពី​ផ្ទុះ​ដំបូង​មក​។​

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាននិយាយថា ក្រសួងកសិកម្ម​ហ្វីលីពីន បាន​ធានា​ចំពោះមុខ​ប្រជាជន​ហ្វីលីពីន​ថាផលិតផល​សាច់មាន់​ក្នុង​ទីផ្សារ​ហ្វីលីពីន​បច្ចុប្បន្ន​គឺមាន​សុវត្ថិភាព​សម្រាប់​ទទួល​ទាន​។ ដោយការដាក់ចេញ​បម្រាម​នេះ ធ្វើឡើង​ក្រោយ​អាជ្ញាធរ​ក្រុង​សិន​ជិន នៅ​ថ្ងៃទី​១៣ ខែសីហា រាយការណ៍​ថា ខ្លួន​បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស មាន​ជាប់​នៅ​ស្លាបមាន់​ក្លាសេ ដែល​នាំចូល​មកពី​ប្រេ​ស៊ី​ល​។ មុននេះ​មួយថ្ងៃ ទីក្រុង​អ៊ូ​ហ៊ូ ក៏​ប្រកាស​ពី​ការរកឃើញ​កូ​រ៉ូ​ណា​វីរុស​នៅលើ​កញ្ចប់​បង្គា​នាំចូល​ពី​អេ​ក្វា​ឌ័​រដែរ​។​

​ដោយឡែកសម្រាប់អង្គការ​សុខភាព​ពិភពលោក​(WHO)វិញ នៅ​ថ្ងៃទី​១៣ ខែសីហាកន្លងទៅ ក៏បាន​លើកឡើងថា គ្មាន​ភស្តុតាង​ណាមួយបាន​បង្ហាញថា កូ​រ៉ូ​ណា​វីរុស​អាច​ឆ្លង​ពី​អាហារ​ទៅ​មនុស្ស​បានទេ​។ ប៉ុន្តែតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters និយាយថា វីរុស​អាចមាន​ជីវិត​រហូតដល់​ទៅ​២​ឆ្នាំ ក្នុង​សីតុណ្ហភាព –២០​អង្សា​សេឯណ្ណោះ តែ​មន្ត្រី​ជំនាញ​ថា គ្មាន​ភស្តុតាង​រឹងមាំ​ណាមួយ បង្ហាញថា កូ​រ៉ូ​ណា​វីរុស​អាច​ឆ្លង​ពី​អាហារ​មក​មនុស្ស​នោះទេ​។

​គួរបញ្ជាក់ថា បើតាមប្រធាន​កម្មវិធី​អាសន្ន​របស់ WHO លោក Mike Ryan បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ​ថា​៖ « ប្រជាជន មិនគួរ​ខ្លាច​អាហារ កញ្ចប់​អាហារ ឬ​ការដឹកជញ្ជូន​អាហារ​ឡើយ​»​ ព្រោះយើង គ្មាន​ឡើយ​ភស្តុតាង ដែល​បង្ហាញថា អាហារ ឬ​ចង្វាក់​ផលិតកម្ម គឺមាន​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​នៃ​កូ​រ៉ូ​ណាវី​រុស​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print