អន្តរជាតិ៖ ប៉ូលីសថៃ នៅខេត្តស្រះកែវ ដែលជាតំបន់ព្រំប្រទល់ថៃ–កម្ពុជា បានស្រាវជ្រាវរហូតឃាត់ខ្លួនស្រ្តីខ្មែរភេទទី៣ ម្នាក់ដែលជាមេខ្យល់នាំក្មេងស្រីអាយុក្រោម១៨ឆ្នាំចំនួន៣នាក់ទៅរួមភេទជាមួយភ្ញៀវ និងជាអ្នករៀបចំកម្មពិធីជប់លៀងផ្លូវភេទ (ជាកម្មវិធីដែលមានសេវាផឹកស៊ីកំសាន្តនិងផ្តល់សេវារួមភេទជាក្រុមដោយសេរីក្នុងកញ្ចប់តែមួយ) ដ៏សកម្មផងដែរ ។នេះបើតាមចេញផ្សាយរបស់ទីភ្នាក់ងារកាសែតបាងកកប៉ុស្តិ៍ ។
ទីភ្នាក់ងារកាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ប៉ូលីសថៃ បានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃសុក្រទី១៤ ខែ សីហាម្សិលមិញនេះនៅក្នុងរមណីយដ្ឋាន Le Min ក្នុងខេត្តស្រះកែវ នៃប្រទេសថៃ។
ជនសង្ស័យរូបនេះ ជាស្រ្តីខ្មែរ ចរិតប្រុស មានអាយុ ២៩ឆ្នាំ និងបានប្រើឈ្មោះគណនីបណ្តាញសង្គមថា Wan Jo សម្រាប់ទាក់ទងភ្ញៀវតាមរយៈបណ្តាញសង្គម Twitter ហើយកន្លងមកទីកន្លែងដែលមេខ្យល់រូបនេះមានបណ្តាញច្រើននិងធ្លាប់រកស៊ីបាននៅទីតាំងដូចជា៖ ក្រុងបាងកក ខេត្តចាន់បូរី និងខេត្តស្រះកែវនេះផ្ទាល់តែម្តង។
ដោយឡែកបើតាមប៉ូលីសថៃវិញ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង ៣នាក់ ក្នុងករណីនេះសុទ្ធតែជនជាតិថៃ ហើយដើម្បីបង្រ្កាបករណីនេះ គឺប៉ូលីសបានប្រើប្រាស់ជនបង្កប់ម្នាក់ឲ្យមកស្វែងរកកញ្ចប់សេវាផ្លូវភេទពីមេខ្យល់ហើយក្រោយមកជនបង្កប់រូបនោះបានលួចរាយការណ៍ជូនអាជ្ញាធរដើម្បីធ្វើការបង្រ្កាបតែម្តង។
ក្រោយឃាត់ខ្កួនជនពាក់ព័ន្ធក្នុងករណីនេះត្រូវបានប៉ូលីសថៃឃាត់ខ្លួនទាំងអស់ និងត្រូវប្រឈមនឹងការទទួលទោសតាមផ្លូវច្បាប់ជាធរមានផងដែរ៕ដោយ៖ស តារា