ភ្នំពេញ៖ ទីតាំងហាងខារ៉ាអូរខេ២កន្លែងនៅផ្លូវ២០០៤ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ចុះបិទទៀតហើយ បន្ទាប់បិតបានមួយរយៈពេលខ្លីហើយបើកវិញដែលតែងតែមានទំនាស់ដណ្ដើមម៉ូយ តាមផ្លូវយ៉ាងអនាធិបតេយ្យ។

ហាងខារ៉ាអូខេថ្មី២ទៀត ដែលត្រូវចុះបិទនាពេលនេះមាន ទី១ យីហោ ម្កុដស្នេហ៏ និងទី២ យីហោ រាត្រីឋានសួគ៌ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ ចុះបិទកាលពីវេលាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ក្នុងនោះហាងមួយត្រូវបានគេដឹងថា ហាងមួយមានទំនាស់ផ្ទៃក្នុង បងថ្លៃនិងប្អូនថ្លៃ វាយតប់គ្នា ចំណែកហាងមួយទៀត ត្រូវបានអ្នកមកពីក្រៅមិនស្គាល់អត្តសញ្ញាណ មួយក្រុម នាំគ្នាទៅគប់ដុំថ្មចូលហាង បង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ និងមានភាពអនាធិបតេយ្យ រំខានអ្នកជិត ខាងដេកពួនទាំងយប់ ។ ការចុះបិទនាពេលនោះ ក៏ទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋផងដែរ ព្រោះតែអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានតែងតែធ្វើការចុះបិតជាញឹកញាប់ហើយក៏អោយបើកអោយដំណើរការវិញ ខុសពីការនិយាយដាក់កំហិត ។ ក្នុងពេលដែលប្រមូលក្រុមម្ចាស់ហាងទាំងនោះ ទៅប្រជុំ កាលពីវេលារសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះដែលបានព្រមានខ្លាំងៗថា( បើហាងណា មួយមានទំនាស់ និងត្រូវបិទរហូតមិនឲ្យបើកវិញឡើយ ) ប៉ុន្តែហាងដែលបិទកន្លងមកត្រូវបានបើកវិញជាបន្ត បន្ទាប់ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលម៉ោង យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣ ខែកុម្ភៈ នៅហាងខាអូខេ យីហោ ម្កុដស្នេហ៍ បានមានទំនាស់ផ្ទៃក្នុង រហូតឈានដល់ការវាយតប់គ្នា រវាងបងថ្លៃនិង ប្អូនថ្លៃបង្កឲ្យមានការភ្ញាក់ផ្អើលពេញក្នុងហាង និងបង្កការរំខានដំណេកអ្នកជិតខាងថែមទៀត។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ សុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយអន្តរាគមន៏ទើបមានការស្ងប់ស្ងាត់ ដោយឡែកហាងមួយទៀត យីហោរាត្រីឋានសួគ៌ ដែលស្ថិតនៅជិតនោះដែរ បានមានទំនាស់ជាមួយ ជនមិនស្គាល់មុខមួយក្រុម ហើយត្រូវបានជនទាំងនោះ ប្រដាប់ដោយដុំថ្មគ្រប់ដៃ នាំគ្នាទៅគប់ចូលហាង បង្កឲ្យមានភាពអនាធិបតេយ្យ ពេញដងផ្លូវនិងស្រែកឡូឡារក្នុងស្ថានភាពរញ៉េ រញ៉ៃបំផុត។ ខណៈនោះក៏ត្រូវ បានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងយប់ដែរ។
ពេលនោះទំនាស់ពាក្យសម្ដី បានកើតឡើងយ៉ាងស្រួចស្រាល ហើយភាគីម្ខាងៗ ដោយមានការ គាំទ្រពីសំណាក់ថៅកែ និងមេការហាងរៀងៗខ្លួន ក៏បានឈានដល់ការវាយតប់គ្នាមួយប្រាវ បង្កឲ្យមានការ ភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ និងបានបណ្ដាលឲ្យបុរសម្នាក់ ដែលជាអ្នក ហៅម៉ូយប្រចាំនៅក្នុងហាង ស្កាយស្តាររងរបួសក្បាលដោយសារខាងហាង Karaoke សប្បាយរាត្រីវាយ និងឈើជ្រុង ហើយកម្លាំងសមត្ថកិច្ចប៉ូលិស និងប៉េអឹម ខណ្ឌពោធិ៍សែនជ័យ បានចុះទៅអន្តរាគមន៏ទាំង យប់ភ្លាមៗដែរ។ លុះព្រឹកឡើងទើបកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ចុះទៅបិទអាជីវកម្ម ហាងទាំងពីរនោះតែម្ដង។
ប្រជាពលរដ្ឋបានបន្តថា បន្ទាប់ពីរឿងជាញឹកញាប់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បាន ប្រមូលពួកគេទៅប្រជុំ កាលពីចុងឆ្នាំ២០១៥ បាននិយាយដាក់កំហិតថា បើហាងណាមួយ បង្កទំនាស់គឺត្រូវតែបិទអាជីវកម្ម ដោយឈប់ឲ្យបើកវិញជារៀងរហូត ប៉ុន្តែពេលក្រោយពីការប្រជុំ បានរយៈពេលប៉ុន្មានថ្ងៃ គឺមានហាងខារ៉ាអូខេ ២បានមានទំនាស់ដណ្ដើមម៉ូយគ្នា រហូតឈានដល់ការវាយតប់គ្នា គឺទី១, យីហោសប្បាយរាត្រី និងទី២ ,យីហោ ស្កាយស្តារ ដែលមានទីតាំងស្ថិតនៅជាប់គ្នា តាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លុះវេលាម៉ោង៣និង៥៥នាទី រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ បានចុះបិទអាជីវកម្ម ហើយកម្លាំងដែល ចុះទៅដឹកនាំដោយ លោកសេង គន្ធ អភិបាលរងខណ្ឌ ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រោយការ បិទរួច គេបានដឹងថាម្ចាស់បានឡើងចុះរត់ការនៅខណ្ឌ ក្រោយមកឃើញបើកឡើងវិញ ៕



...
ដោយ៖ សុខាសែនជ័យ