ជនសង្ស័យ ៤នាក់ ដែលក្លែងបន្លំជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់នោះ ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ធ្ធាំ ប៉ុណ្ណា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យចំនួន ៤នាក់ ដាក់ពន្ធធានាគារព្រៃស ជាបណ្តោះអាសន្ន ក្រោយរកឃើញពាក់ព័ន្ធករណីក្លែងបន្លំជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើនិងដកប្រាក់ ពីបទឆបោក (ស្ថានទម្ងន់ទោស) និងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

តាមប្រភពព័ត៍មានពី លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ជនជាប់ចោទទាំង៤នាក់នេះ រួមមាន៖ ទី១ ឈ្មោះ សុខ ចាន់ថា ហៅថា ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ទី២ ឈ្មោះ ចៃ ឆេងលី ហៅចេក ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ, ទី៣ ឈ្មោះ សៀ វេងស្រៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, និងទី៤ ឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យលេខ៣៣១ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញនាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។

លោក ជា ពៅ បន្តថា ជនជាប់ចោទទាំង៤នេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ហើយប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

គួរបញ្ជាក់ថា កម្លាំងនគរបាល បានបន្តចុះបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួន២០ករណីទៀត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដោយជនសង្ស័យបានក្លែងជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ ទំនាក់ទំនងទៅបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ ប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេស ដោយឱ្យភ្នាក់ងារផ្ញើតាមការណែនាំរបស់ជនសង្ស័យ ម្តងមួយៗ ដោយមិនឱ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ទៅលេខទូរសព្ទដែលពួកគេបានត្រៀមទុកឡើយ រួចក៏ឱ្យលេខកូដទៅបក្ខពួក ដើម្បីដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់ផងដែរ

ក្រោយប្រតិបត្តិការរួច លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក។ បើមានករណីនេះកើតឡើង សូមមកដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

គួរជម្រាបថា ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ សាម៉ឺឌី កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅថ្មីៗនេះ ក៏បានចេញដីកាសម្រេចឲ្យឃុំខ្លួន ជនសង្ស័យ ១រូបរួចហើយ ដែលក្លែងជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print