ក្លិប Barcelona បានធ្វើពិធីតែងតាំងលោកRonald Koemanជាគ្រូបង្វឹកថ្មីរបស់ខ្លួនដើម្បីជំនួសតំណែងរបស់លោកQuique Setien។
គ្រូបង្វឹកសញ្ជាតិហុល្លង់វ័យ៥៧ឆ្នាំRonald Koemanបានចុះហត្ថលេខាលើកិច្ចសន្យារយះពេល២ឆ្នាំ។គ្រូបង្វឹកពោរពេញដោយបទពិសោធន៍នេះធ្លាប់ដឹកនាំក្រុមAjax Amsterdam, PSV Eindhoven និង Feyenoordនៅប្រទេសហុល្លង់ ក្រុមSouthampton និង Everton នៅអង់គ្លេស និងក្រុមអេស្ប៉ាញValenciaផងដែរ។
Ronald Koemanបាននិយាយទៅកាន់អ្នកសារព័ត៌មានពីគំរោងរបស់គាត់ជាមួយនឹងកីឡាករផ្សេងៗពិសេសកីឡាករ Messiថា “ខ្ញុំមិនដឹងថាខ្ញុំត្រូវបញ្ចុះបញ្ចូលMessiឲ្យនៅលេងទីនេះទៀតឬយ៉ាងណានោះទេ។ គាត់ជាកីឡាករដ៏ល្អបំផុតរបស់ពិភពលោក ហើយអ្នកប្រាកដជាចង់បានកីឡាករបែបនេះនៅជាមួយអ្នកហើយ មិនចង់ឲ្យគេទៅលេងឲ្យក្លិបដទៃនោះទេ។ សម្រាប់ខ្ញុំ ខ្ញុំចង់លេងជាមួយនឹងMessiខ្ញុំពិតជាសប្បាយចិត្តណាស់ដែលគាត់សម្រេចចិត្តនៅបន្តទៀត។”
លោកKoeman បានថ្លែងបន្តទៀតថា “Messiនៅជាប់កុងត្រានៅឡើយ គាត់នៅតែជាកីឡាកររបស់ក្លិបដដែល ខ្ញុំត្រូវតែទៅនិយាយជាមួយគាត់ដោយគាត់ក៏ជាប្រធានក្រុមផងដែរ។ យើងត្រូវតែធ្វើការជាមួយគាត់ ហើយយើងក៏នឹងនិយាយជាមួយនឹងកីឡាករដទៃទៀតផងដែរហើយយើងនឹងធ្វើការសម្រេចចិត្តថាឲ្យអ្នកណាទៅឬក៏នៅ។ សម្រាប់ Messiខ្ញុំចង់បានគាត់នៅបន្តទៀត។”
គួរបញ្ជាក់ថា Koeman បានលាលែងពីតំណែងគ្រូបង្វឹកជម្រើសជាតិហុល្លង់ដោយកុងត្រាគាត់នៅសល់២ឆ្នាំទៀត។គាត់ក៏ធ្លាប់ជាកីឡាកររបស់ក្លិបBarcelonaកាលពីឆ្នាំ 1989 ដល់ 1995៕ដោយ៖ភារៈ