អន្តរជាតិ៖ មហាសេដ្ឋី និងជាម្ចាស់សារព័ត៌មានល្បីឈ្មោះមួយរូបនៅហុងកុងលោក ជីមមី ឡៃ (Jimmy Lai) ក្រោយពីរូបលោកបានបង្ហាញការគាំទ្រ ចំពោះចលនាទាមទារលទ្ធិលប្រជាធិបតេយ្យនៅហុងកុង និងត្រូវបានឃាត់ខ្លួន ហើយដោះលែងវិញកាលពីសប្តាហ៍មុននោះ ត្រូវបានប្រធានាធិបតីអាមរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី១៩ ខែសីហាម្សិលមិញនេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានហៅលោកថា“បុរសដ៏ក្លាហាន” ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០ ។
ថ្លែងក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ចេញពីសេតវិមានលោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំបានជូនពរគាត់ដ៏ប្រសើរថ្លៃថ្លា…។ លោក Jimmy Lai ពិតជាបុរសដ៏ក្លាហានម្នាក់»។ នៅក្នុងថ្ងៃដដែលនោះ សហរដ្ឋអាមេរិកក៏បានប្រកាសជាផ្លូវការ អំពីការដកខ្លួនចេញពី សន្និសញ្ញាជាមួយហុងកុងទៅការធ្វើបត្យាប័ន និងពន្ធគយ ព្រោះពេលនេះទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា ហុងកុងត្រឹមជាទីក្រុងពាក់កណ្តាលស្វយ័ត របស់ចិនតែប៉ុណ្ណោះ។
សូមជម្រាបថា មហាសេដ្ឋីហុងកុង និងជាម្ចាស់សារព័ត៌មានល្បីមួយរូបផងដែរគឺ លោក Jimmy Lai ត្រូវបានឃាត់ខ្លួនដោយប៉ូលីសហុងកុងនិងដោះលែងវិញក្នុងរយៈពេល ៤០ម៉ោងកាលពីសប្តាហ៍មុន ហើយពីរថ្ងៃក្រោយមកទៀត បុរសវ័យ ៧១ឆ្នាំរូបនេះបានបង្ហាញមុខ នៅក្នុងបន្ទប់ផ្សាយព័ត៌មានរបស់ខ្លួនឡើងវិញជាធម្មតា៕ដោយ៖ស តារា