ភ្នំពេញ ៖ កម្មករម្នាក់ឡើងទៅលើជាន់ទី២ ហើយប៉ះនឹងខ្សែកាប្លិ៍បណ្តាលឲ្យឆក់ធ្លាក់ស្លាប់ភ្លាមៗតែម្តង ដែលសំណង់ផ្ទះនោះធ្វើជាប់និឹងបង្គោលភ្លើង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវទួលពង្រ ត្រង់ចំណុចផ្ទះកំពុងសាងសង់មួយកន្លែង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះមានឈ្មោះសុខ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីកម្មករដូចគ្នាបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឡើងលើរន្ទាទៅជាន់ទី២ ដើម្បីលាបថ្នាំបង្កាន់ដៃផ្ទះល្វែង ខណៈដែលសំណង់ផ្ទះល្វែងមួយនេះសង់កៀកជាប់នឹងខ្សែកាប្លិ៍ ពេលដែលជនរងគ្រោះជាន់ឈរប៉ះចំខ្សែកាប្លិ៍ភ្លើងបណ្តាលឲ្យឆក់ធ្លាក់មកក្រោមស្លាប់ភ្លាមៗ ផ្អើលដល់កម្មករនាំគ្នាសែងយកទៅកប់ដីខ្សាច់ ហើយមិនអស់ចិត្តហៅក្រុមសង្គ្រោះមកជួយពិនិត្យ នៅតែមិនអាចសង្គ្រោះអាយុជីវិតបាន ។ ពេលដឹងជាក់ថាជនរងគ្រោះស្លាប់ហើយ មេការសំណង់បានបញ្ជាឲ្យកម្មករទាញរនាំងស័ង្កសីមកបិទបាំងពីខាងមុខ រួចរុំសាកសព បញ្ជាបង្ខំឲ្យកម្មករ សាច់ញាតិដឹកចេញ ក្នុងបំណង់គេចវេះពីទំនួលខុសត្រូវ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋានឃាត់ទុកជាបណ្តោះអាសន្ន រងចាំនគរបាលជំនាញ អាជ្ញាធរពាក់ព័ន្ធមកធ្វើការពិនិត្យជាមុនសិន ។
ក្រោយកើតហេតុ ប្រពន្ធជនរងគ្រោះមកដល់បានត្រឹមតេស្រែកទ្រហោយំទាំងក្តីសោកសៅ ហើយរង់ចាំមន្ត្រីជំនាញពិនិត្យធ្វើកោសល្យវិច័យមុននឹងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ ដោយ៖ រ៉ារ៉ា