មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ព្រមានថា ករណីឆ្លងថ្មី នឹងនាំឲ្យមានការឆ្លងទូទាំងប្រទេស

ចែករំលែក៖

អន្តរជាតិ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ព្រមានថា ករណីឆ្លងថ្មី នឹងនាំឲ្យមានការឆ្លងទូទាំងប្រទេស បន្ទាប់ពីអាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែសីហា បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃចំនួន២៩៧នាក់ទៀត ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេល៥ខែចុងក្រោយ។ ភាគច្រើននៃករណីឆ្លងថ្មី ត្រូវបានរាយការណ៍នៅរដ្ឋធានីសេអ៊ូល ហើយមានទំនាក់ទំនងជាមួយករណីឆ្លងក្នុងចំណោមសមាជិកវិហារសាសនាគ្រិស្តមួយផងដែរ។

សូមជម្រាបថា បន្ទាប់ពីករណីឆ្លងជំងឺ COVID-19 នៅកូរ៉េខាងត្បូង បានស្ងប់ស្ងាត់មួយរយៈ ស្រាប់តែថ្មីៗនេះករណីឆ្លង បានហក់ឡើងវិញ នៅចុងខែកក្កដា ករណីឆ្លងមានប្រមាណ១០០នាក់ក្នុងមួយថ្ងៃៗ ហើយភាគច្រើនជាជនជាតិកូរ៉េខាងត្បូងដែលត្រឡប់ពីបរទេសវិញ។ ប៉ុន្តែចាប់ពីថ្ងៃទី១៤ ខែសីហា ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងយ៉ាងឆាប់រហ័ស ហើយជាករណីឆ្លងក្នុងស្រុកទៀតផង។ ត្រង់នេះហើយដែលករណីឆ្លងបានហក់ឡើងបន្តិចម្ដងៗជាមួយតួលេខបីខ្ទង់ជាប់រហូត។

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap បានចេញផ្សាយថា កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ ករណីឆ្លងប្រចាំថ្ងៃ មាន២៧៩នាក់ដែលជាលើកដំបូងកូរ៉េខាងត្បូងមានករណីឆ្លងថ្មីលើស២០០នាក់។ ចំណែកនៅថ្ងៃទី១៩ ខែសីហា ម្សិលមិញនេះ ស្រាប់តែករណីឆ្លងក៏ឡើងដល់២៩៧នាក់ ដែលជាចំនួនច្រើនបំផុតគិតតាំងពីថ្ងៃទី៨ ខែសីហាមក ដែលកាលនោះមានចំនួន៣៦៧នាក់។ ក្នុងចំណោមករណីឆ្លងថ្មីនេះមាន២៨៣ ជាករណីឆ្លងក្នុងស្រុក ដែលធ្វើចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងមាន១៦០៥៨នាក់។

ជុំវិញបញ្ហានេះដែរ អនុរដ្ឋមន្រ្តីសុខាភិបាលកូរ៉េខាងត្បូងលោក Kim Ganglip ក៏បាននិយាយថា កូរ៉េខាងត្បូងប្រឈមមុខចំណុចរបត់ដ៏សំខាន់ ព្រោះករណីឆ្លងថ្មីនៅសេអ៊ូល និងតំបន់ជុំវិញ អាចនាំដល់ការឆ្លងទូទាំងប្រទេស។ ដើម្បីទប់ស្កាត់ការរាលដាល អាជ្ញាធរបានបង្កើនកម្រិតអាសន្នដល់កម្រិតពីរនៅសេអ៊ូល និងខេត្ត Gyeonggi ចាប់ពីចុងសប្ដាហ៍ខាងមុខ ខណៈទីក្រុង Incheon ដែលនៅភាគលិចរដ្ឋធានីត្រូវបានប្រកាសឲ្យអនុវត្តចាប់ពីថ្ងៃទី១៩ ខែសីហាតែម្ដង។

ជាក់ស្តែងនៅសេអ៊ូល ការជួបជុំទាំងឡាយដែលធ្វើនៅក្រៅអាគារ ត្រូវបានកំណត់ចំនួនអ្នកចូលរួមត្រឹម១០០នាក់ ហើយកម្មវិធីខាងក្នុងអាគារកំណត់ត្រឹម៥០នាក់។ សកម្មភាពកីឡា អាចបន្តធ្វើបាន តែគ្មានអ្នកគាំទ្រ។ ទីតាំងដែលត្រូវបានកំណត់ថា មានហានិភ័យដូចជាបន្ទប់ការ៉ាអូខេក្លិបកំសាន្ត ហាងកាហ្វេអ៊ីនធឺណិត និងអាហារដ្ឋានប៊ូហ្វេជាដើម ត្រូវបានបញ្ជាឲ្យបិទអស់ហើយ។ ការរឹតត្បិតក៏ត្រូវបានអនុវត្តលើវិហារសាសនាផងដែរ

គួរបញ្ជាក់ថា ការកើនករណីឆ្លងក្នុងសហគមន៍បែបនេះ ធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈករណីឆ្លងភាគច្រើនដែលកើតលើសមាជិកវិហារសាសនាគ្រិស្តមួយឈ្មោះ Sarang Jeil កើតនៅក្នុងរដ្ឋធានីសេអ៊ូដែលមានប្រជាជន២៥លាននាក់។

បើគិតត្រឹមថ្ងៃទី១៩ ខែសីហាម្សិលមិញនេះ ករណីឆ្លងដែលទាក់ទងវិហារមួយនេះ៥៦៨នាក់ហើយ, ១៣០នាក់ រង់ចាំលទ្ធផល ហើយ៤០០នាក់មិនទាន់ដឹងអាសយដ្ឋាន។ ទីក្រុងខ្លះទៀត ដែលមានករណីឆ្លង ក៏មានជាប់ទាក់ទងវិហារនេះដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print