ប្អូនប្រុសបង្កើតកាប់បងស្រីរួចចងជើងទម្លាក់ក្នុងទឹកបៀ ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជាមនុស្សមានជំងឺសរសៃប្រសាទម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីឃាតកម្មបន្ទាប់ពីប្រើហិង្សាយកពូថៅកាប់ទៅលើបងស្រីបង្កើតរួចចងជើងទម្លាក់ក្នុងទឹកបៀ នៅខាងលិចផ្ទះចម្ងាយ៤ម៉ែត្របង្កការភ្ញាក់ផ្អើលកាលពី

វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ស្ថិតក្នុងភូមិបែកចានឃុំអង្គប្រស្រែ​ ស្រុករមាសហែកខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ងិន សូ​ អាយុ៦១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកបងស្រីរងគ្រោះដែលស្លាប់មានឈ្មោះ សោម  សាមិន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះជាមួយគ្នា។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មុនកើតហេតុនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០​ស្ត្រីរងគ្រោះឈ្មោះ​សោម​ សាមិនបានក្រោកពីដំណេកដូចសព្វដង ហើយក៏ចុះពីលើផ្ទះក្នុងគោលបំណងចាប់មាន់ទុកយកទៅលក់នៅផ្សារដើម្បីទិញរបស់របរប្រើប្រាស់។

ប្រភពបន្តថា ខណៈនោះស្រាប់តែជនសង្ស័យជាប្អូនប្រុសដែលជា​មនុស្ស​មានជំងឺសរសៃប្រសាទបានយក​ពូ​ថៅ​កាប់​ទៅ​លេី​បង​ស្រី​បង្កើត​របស់​ខ្លួន​រហូតដល់ស្លាប់ ហើយក៏បានធ្វើសកម្មភាពចាប់​ចងជើងទម្លាក់ទៅក្នុងទឹកបៀនៅ​ខាង​លិច​ផ្ទះ​ចម្ងាយ​៤ម៉ែត្រ​។

ក្រោយ​ពី​ប្រព្រឹត្តិបទ​ល្មើស​រួច​ជន​សង្ស័យ​បាន​កាន់​ពូ​ថៅ​ចូល​ក្នុង​បន្ទប់​ក្រោម​ផ្ទះ​ដាក់​គន្លឹះ​សម្ងំ​នៅក្នុងនោះរហូតដល់សមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលធ្វើការ​សាក​សួរ​យកចម្លើយ ប៉ុន្តែគេឆ្លើយសារភាពពីឆ្វេងទៅស្ដាំស្ដាប់មិនបានទាល់តែសោះ។

សូមបញ្ជាក់ថា ករណីឃាតកម្មដ៏សាហាវនេះគឺបងប្អូនអ្នកភូមិនៅជាមួយគ្នាស្មានថាគាត់ទៅវត្ត លុះដល់ម៉ោង១០ព្រឹកទើបឃើញសពអណ្ដែតទឹកបៀបង្កការភ្ញាក់ផ្អើលតែម្ដង៕

   

...

ដោយ៖យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print