អន្តរជាតិ៖ សកម្មជនប្រឆាំងរដ្ឋាភិបាលចំនួន ០៤នាក់ទៀតហើយ ត្រូវបានប៉ូលីសថៃ ឃាត់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហាឆ្នាំ២០២០នេះ ដោយជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅ ដែលជាដើមចមបង្កឲ្យមានបាតុកម្មរីកធំឡើងៗ នៅទូទាំងប្រទេសថៃនោះ ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA។
បើតាមមន្ត្រីប៉ូលីសថៃ បានបញ្ជាក់ថា សកម្មជន ចំនួន០៣នាក់ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃពុធម្សិលមិញនេះ និងម្នាក់ទៀតជាអ្នកសម្តែងរ៉េបនៅលើឆាក ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង ។ ដោយក្រុមសកម្មជនទាំង ០៤នាក់នេះ គឺសុទ្ធតែជាប់ឈ្មោះជាអ្នកប្រមូលផ្តុំកម្លាំង ដើម្បីទាមទារឲ្យមានការរំលាយសភា កែប្រែរដ្ឋធម្មនុញ្ញ និងរៀបចំការបោះឆ្នោតឡើងវិញ។ វាគឺជាបាតុកម្មទ្រង់ទ្រាយធំបំផុត ដែលមិនធ្លាប់កើតមាននោះឡើយនៅថៃ គិតចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ចេញពីអំណាយកាលពីខែឧសភា ឆ្នាំ២០១៤។
សូមជម្រាបថា ការឃាត់ខ្លួនសកម្មជន ទាមទារលទ្ធិប្រជាធិបតេយ្យខាងលើនេះ ត្រូវបានប៉ូលីស អះអាងថា ដោយសារតែពួកគេបានរំលោភច្បាប់សន្តិសុខផ្ទៃក្នុង និងការប្រកាសអាសន្នថ្នាក់ជាតិ ដែលមិនឲ្យមានការប្រមូលផ្តុំគ្នានោះឡើយ ក្នុងន័យទប់ស្កាត់ការរីករាតត្បាតCOVID-19។
គួរបញ្ជាក់ផងដែរថា កន្លងមកនេះ ប៉ូលីសថៃ ក៏បានប្រកាសឃាត់ខ្លួនមនុស្សសរុប ១៥នាក់ ដែលមានជាប់ពាក់ព័ន្ធ ទៅនឹងបាតុកម្មដ៏ធំកាលពីថ្ងៃទី១៨ ខែកក្កដា ដោយសំអាងថា មានខ្លួនដីកាត្រឹមត្រូវនៅក្នុងការ ចុះចាប់ខ្លួនជនសង្ស័យកន្លងមកនេះ៕ដោយ៖ស តារា