ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត្រភ្លាមៗ ខណះពេលរូបគេកំពុងជិះម៉ូតូហើយត្រូវបានជនសង្ស័យ៦នាក់ បានមកធ្វើសកម្មភាពប្រើដាវសាម៉ូរ៉ៃកាប់ប្លន់មកលើជនរងគ្រោះបំណងប្លន់យកម៉ូតូMSX តែមិនបានសម្រេច ហើយត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដែលកំពុងល្បាតបានប្រទះឃើញ និងឃាត់ខ្លួនបានម្នាក់ភ្លាមៗ។ក្នុងហេតុការណ៍នេះដែរបានកើតឡើង កាលពីវេលាម៉ោង៨នឹង២០នាទីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខB34 ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានប្រាប់ឲ្យដឹងថាជនសង្ស័យម្នាក់ដែលឃាត់បានមានឈ្មោះ ជា ស៊ីថា ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងស្នាក់បច្ចុប្បន្នក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកឯអត្តសញ្ញាណជនរងគ្រោះនៅមិនទាន់ដឹកនៅឡើយទេ ដោយសារតែកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ។
ប្រភពដដែលបានប្រាប់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុគឺជនរងគ្រោះបានជិះម៉ូតូម៉ាក MSX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-4047 ជិះម្នាក់ឯងតាមបណ្តោយផ្លូវលេខ១៩៩ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿង បានជិះមកគៀរជនរងគ្រោះឱ្យចូលគៀន និងឈប់ ។ ហើយនៅពេលជនរងគ្រោះឈប់ម៉ូតូ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៦នាក់ បានទាញដាវសាម៉ូរ៉ៃ កាប់មកលើជនរងគ្រោះចំនួន៣ដាវ ចំក្បាល២ដាវ និងខ្លួន១ដាវ បណ្តាលឱ្យរងរបួសហូរឈាមស្រោចពេញខ្លួន ។
សមត្ថកិច្ចបន្តថា ភ្លាមនោះកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋានបានប្រទះឃើញ ក៏ដេញប្រផាប់ចាប់ប្រភីងបានជនសង្ស័យម្នាក់ ដាវសាម៉ូរ៉ៃមួយដើមនិងម៉ូតូស្មាសធ្វើសកម្មភាព១គ្រឿង ចំណែកបក្ស៥នាក់ទៀតបានជិះគេចខ្លួនបាត់អស់ ។
ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រភ្លាមៗ ចំណែកជនសង្ស័យ និងវត្ថុតាង ត្រូវបានយកទៅសួរនាំបន្តដើម្បីស្វែងរកបក្សពួកផ្សេងទៀត និងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ដោយ៖ជីម ភារ៉ា ដង្កោ










