អន្តរជាតិ៖ តារចម្រៀងថៃ rap និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៧នាក់ ត្រូវបានប៉ូលីសថៃ ឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែសីហា ឆ្នាំ២០២០ ក្នុងការបង្ក្រាបលើក្រុមបាតុករ ដែលបានក្លាយជាចលនាគំរាមកំហែងខ្លាំងជាងគេចំពោះរដ្ឋាភិបាលថៃដែលដឹកនាំដោយអតីតមេបញ្ជាកងទ័ពលោក Prayuth Chan-ocha។ ការធ្វើបាតុកម្មនេះ ដោយក្រុមបាតុករភាគច្រើនជាសិស្សនិស្សិតបានចោទប្រកាន់រដ្ឋាភិបាលលោកថាមិនមានសមត្ថភាពនិងប្រព្រឹត្តអំពើពុករលួយ។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកត្រូវបានប៉ូលីសឃាត់ខ្លួន គឺមានលោក Dechathorn Bamrungmuang ជាសមាជិកសំខាន់ម្នាក់នៃក្រុមតន្រីRap ប្រឆាំងនឹងរបបផ្តាច់ការ។ ដោយលោកបានបង្ហោះរូបតាមហ្វេសប៊ុកដែលបង្ហាញទិដ្ឋភាពប៉ូលីសនាំខ្លួនលោកទៅការិយាល័យប៉ូលិសដើម្បីសាកសួរ។
សូមជម្រាបថា ក្រុមអ្នកតវ៉ាដែលកំពុងប្រឈមនឹងទោសបះបោរបានទាមទារឲ្យរដ្ឋាភិបាលលោក Prayuth លាលែងពីតំណែង។ ដោយសារតួនាទីសំខាន់ៗក្នុងគណៈរដ្ឋមន្ត្រីថៃត្រូវកាន់កាប់ដោយអតីតឧត្តមសេនីយ៍នៅឡើយ ចលនាប្រឆាំងនឹងការក្តោបក្តាប់អំណាចយោធានៅក្នុងនយោបាយថៃ និងការដឹកនាំរបស់លោក Prayuth កាន់តែមានការកើនឡើង៕ដោយ៖ស តារា