គ្រាន់តែភូមិរាំងទិលមួយ សមត្ថកិច្ចបំផ្លាញឧបករណ៍ចាប់ត្រីខុសច្បាប់បានយ៉ាងច្រើនសន្ធឹកសន្ធាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រយៈពេល២ថ្ងៃ គឺថ្ងៃសុក្រ និងសៅរ៍ ៣-៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២០ នេះ លោក ហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀង បាន ដឹកនាំមន្ត្រីក្រោមឱវាទរួមសហការជាមួយនគរបាលស្រុក និងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល នារដូវបិទនេសាទត្រីពងកូន ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាងអស់ជាច្រើន ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ប្រាប់ថា ករណីបង្ក្រាបបទល្មើសនេសាទខាងលើបានធ្វើឡើងលើកទី១ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចជ្រោយហាលស្លាដល់ព្រែកសាឡិត ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្តៀងជាលទ្ធផល រឹបអូសនិងកម្ទេចចោលរបាំងសាច់អួន និងរបាំងស្បៃមុងចំនួន៩ខ្សែ ស្មើនឹងប្រវែងចំនួន១៨៥០ម៉ែត្រ លូកងសាច់អួន និងលូកងស្បៃមុងចំនួន១៥មាត់ បង្គោលចម្រឹងចំនួន៦២០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ចំនួន១៦គីឡូក្រាម ។

លោក នាយខណ្ឌបន្តថា លុះលើកទី២ កម្លាំងដដែលបានអនុវត្តបន្តនៅចំណុចជ្រោយតាគុត ដល់ជ្រោយកោះកែវ ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផលរឹបអូសនិងកម្ទេចចោល របងសាច់អួន និងរបាំងស្បៃមុងចំនួន៦ខ្សែ ស្មើនឹងប្រវែងចំនួន១៣៥០ម៉ែត្រ ក្បាលបរ និងលូកងស្បៃមុងចំនួន៦មាត់ បង្គោលចម្រឹងចំនួន៤៥០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ចំនួន៩គីឡូក្រាម ។

យ៉ាងណាលោក នាយខណ្ឌបន្តថាវត្ថុតាងទាំងអស់ត្រូវបំផ្លាញចោលនៅនឹងកន្លែង ហើយក្រុមជំនាញនៅបន្តបង្រ្កាបបទល្មើសខុសច្បាប់បែបនេះជានិច្ច ៕

ដោយ÷បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print