ម្ង៉ៃណោះនាងខ្ញុំធ្វើដំណើរចេញពីម្ដុំវត្ដភ្នំកាត់មុខមន្ទីរពេទ្យ១៧៩ប្រទះករណីគ្រោះថ្នាក់ចរាចរណ៍មួយ។នាងខ្ញុំក៏ឈប់ម៉ូតូចុះទៅមើលក្រែងអ្នករងគ្រោះជាបងប្អូន។ការចុះទៅមើលយូរស្រាប់តែឃើញរថយន្ដសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនទៅយកអ្នករបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ ។ ដំបូងឡើយនាងខ្ញុំគិតថាជារថយន្ដសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ១៧៩នៅទីនោះចេញមកដឹកអ្នករបួសទៅសង្គ្រោះប៉ុន្ដែបែរជាឃើញរថយន្ដមន្ទីរពេទ្យឯកជនទៅវិញ ។
រឿងបែបនេះបានកើតមានច្រើនលើកដែលនាងខ្ញុំប្រទះភ្នែក។ថ្ងៃមុនក៏មានករណីគ្រោះថ្នាក់ដោយនារីម្នាក់លោតពីលើស្ពានអាកាស៧មករាដែលនៅទីនោះគឺមានមន្ទីរពេទ្យព្រះកុសុមៈនៅក្បែរ។ប៉ុន្ដែគេមិនឃើញរថយន្ដនៃមន្ទីរពេទ្យខាងលើនេះចេញមកយកអ្នករបួសនោះឡើយ។បែរជាឃើញរថយន្ដគ្លិនិកឯកជន មួយនៅទួលគោកមកដឹកអ្នករបួសទៅវិញ ។
បញ្ហាវិស័យសុខាភិបាលនៅតែជាចំណោត និងធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ដោះស្រាយមិនចេញ ដោយមិននិយាយអំពីបញ្ហាចំណាយប្រាក់ក្នុងការព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋនោះនាងខ្ញុំនិយាយតែករណីរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យ រដ្ឋគឺសង្កេតឃើញថា មិនបានធ្វើសកម្មភាពឱ្យបានពេញលេញតាមភារកិច្ច និងតួនាទីរបស់ខ្លួននោះឡើយ ។ ក្រសួងសុខាភិបាលប្រកាសថា រថយន្ដសង្គ្រោះ បន្ទាន់របស់គ្លិនិកឯកជនគ្មានសិទ្ធិចេញទៅដឹកអ្នករបួសនៅតាមដងផ្លូវនោះ ឡើយ ។ ប៉ុន្ដែសព្វថ្ងៃនេះ បើរង់ចាំរថយន្ដមន្ទីរពេទ្យរដ្ឋមកដឹកអ្នករបួសក្នុងករណី គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានាគឺមិនអាចទៅរួចនោះទេ ។
ហេតុដូច្នេះហើយបានជានាងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋយល់ឃើញថា បើទោះ រដ្ឋាភិបាលចិនផ្ដល់រថយន្ដសង្គ្រោះប៉ុន្មានគ្រឿងទៀតមកឱ្យក្រសួងសុខាភិបាល ក៏ មិនអាចទៅរួចដែរ ពីព្រោះត្រឹមតែអនុវត្ដច្បាប់មិនអនុញ្ញាតិឱ្យរថយន្ដសង្គ្រោះ បន្ទាន់គ្លីនិកឯកជនចេញដឹកអ្នករបួស ក៏មិនអាចទប់ស្កាត់បានផងនោះ តើក្រសួង អាចចាត់វិធានការយ៉ាងដូម្ដេចចំពោះរថយន្ដគ្លីនិកឯកជនចេញដឹកអ្នករបួស? នាង ខ្ញុំនិយាយដោយត្រង់ថា វិស័យសុខាភិបាលបានធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្ដជា ច្រើនណាស់ហើយ ។ និយាយឱ្យខ្លីគឺបានបំផ្លាញទំនុកចិត្ដរបស់រដ្ឋាភិបាល“គណបក្ស កាន់អំណាច” (អស់ជាច្រើន) ៕