អន្តរជាតិ៖ បន្ទាប់ពីរងការរិះគន់ខ្លាំងទៅលើស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Phil Hogan នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកក៏បានសម្រេចចិត្តលាលែងពីតំណែងហើយ ក្រោយចូលរួមក្នុងកម្មវិធីអាហារពេលល្ងាចមួយនៅអៀរឡង់ដែលនោះជាបំពានវិធានការជំងឺCOVID-19 កាលពីមួយសប្ដាហ៍មុន។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលទីក្រុងឌុយប្លាំង ជាអ្នកដាក់សម្ពាធខ្លាំងជាងគេលើលោក Hogan ទោះលោកជាមន្ត្រីតំណាងប្រទេសនៅក្បាលម៉ាស៊ីនដឹកនាំសហភាពអឺរ៉ុបក្ដី។
សូមជម្រាបថា លោក Phil Hogan វ័យ៦០ឆ្នាំ និងជាស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ពីដំបូង លោក បានសុំទោស តែមិនប្រកាសលាលែងឡើយ។ ប៉ុន្តែមកដល់ពេលនេះ លោក Hogan បានដាក់ពាក្យលាលែងឲ្យប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អឺស៊ុឡា វ៉ុន ដឺ លៃអេន នៅថ្ងៃទី២៦ ខែសីហា ស្របពេលសម្ពាធធ្លាក់លើលោកកាន់តែខ្លាំងឡើងៗ។
ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់លោក Hogan និយាយថា៖ «វាកាន់តែច្បាស់ទៅៗដែលរឿងរ៉ាវពាក់ព័ន្ធដំណើររបស់ខ្ញុំទៅកាន់អៀរឡង់នៅពេលថ្មីៗនេះ ក្លាយជាឧបសគ្គក្នុងការបំពេញការងារជាស្នងការសហភាពអឺរ៉ុប ហើយអាចប៉ះពាល់ការងាររបស់ខ្ញុំនៅប៉ុន្មានខែខាងមុខផង។» ចំណែកឯលោកស្រី អឺស៊ុឡា ក៏បានទទួលយកការលាលែងនេះ ហើយបានអរគុណលោក Hogan ចំពោះការបំពេញការងារដោយមិននឿយហត់។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា ដោយឡែកនៅប្រទេសអៀរឡង់វិញ លោកនាយករដ្ឋមន្ត្រី Micheal Martin និងដៃគូក្នុងរដ្ឋាភិបាលចម្រុះរបស់លោក និយាយថា ការលាលែងនេះ ជាការសម្រេចចិត្តត្រូវដោយផ្អែកលើអ្វីដែលកើតឡើងមួយសប្ដាហ៍កន្លងទៅ។ ជាក់ស្តែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់លោក Martin បន្ថែមថា គ្រប់គ្នាមានការទទួលខុសត្រូវដើម្បីគាំទ្រ និងប្រកាន់ខ្ជាប់បញ្ញត្តិសុខាភិបាល ហើយបេក្ខភាពដែលត្រូវជំនួសលោក Hogan នឹងត្រូវកំណត់ពេលក្រោយ។
ជុំវិញបញ្ហាកំហុសរបស់លោក Hogan វិញ ត្រូវបានរដ្ឋាភិបាលអៀរឡង់ អះអាងថា លោកបានបំពានបីចំណុច។ ទីមួយ លោកល្មើសការតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃក្រោយទៅដល់អៀរឡង់ ហើយទីពីរ លោកមិនបានកំណត់ការធ្វើដំណើររបស់ខ្លួនខណៈដែលប្រទេសស្ថិតក្នុងក្រោមការរឹតត្បិតដោយសារជំងឺ COVID-19 ឯទីបី លោកចូលរួមការជួបជុំនៅថ្ងៃទី១៩ ខែសីហា ដែលនេះបានបំពានការរឹតត្បិតចំនួនអ្នកចូលរួមកម្មវិធីណាមួយ។ ដោយក្នុងពិធីដែលលោក Hogan មានវត្តមាននោះ មានអ្នកចូលរួមប្រមាណ៨០នាក់។
គួរបញ្ជាក់ថា ការចាកចេញរបស់លោក Hogan បង្កបញ្ហាលំបាកឲ្យលោកស្រី អឺស៊ុឡា ព្រោះលោក ក៏ត្រូវដឹកនាំការចរចាជាមួយចក្រភពអង់គ្លេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយការចាកចេញផងដែរ។ លោក Hogan ផ្ទាល់ មិនបានលើកឡើងពីបេក្ខជនដែលនឹងបន្តតំណែងពីលោកឡើយ៕ដោយ៖ស តារា