នាយឧត្ដមសេនីយ៍ វង្ស ពិសេន រម្លឹកឲ្យកងទ័ពបន្តលើកកម្ពស់កិច្ចការពារបូរណភាពទឹកដី និងការពារសន្តិភាព ស្ថិរភាពនយោបាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងរម្លឹកឲ្យកងទ័ពបន្តពង្រឹង និងលើកកម្ពស់កិច្ចការពារបូរណភាពទឹកដីឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការពារសន្តិភាព និងថែរក្សាឲ្យបានស្ថិរភាពនយោបាយដែលជាគ្រឹះនៃការអភិវឌ្ឍន៍សង្គម។ ការថ្លែងបែបនេះរបស់នាយឧត្ដមសេនីយ៍ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហានបំពេញក្របខ័ណ្ឌ និងបើកវគ្គបណ្តុះបណ្តាលជំនាញរ៉ាដាការពារអាកាស និងកាំជ្រួច KS-1A នារសៀលថ្ងៃទី២៧ សីហានេះ នៅបញ្ជាការដ្ឋានការពារអាកាស ដែលមានមូលដ្ឋានស្ថិតក្នុងខេត្តកំពង់ស្ពឺ។

នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានបន្តថា ជាក់ស្ដែងការចាត់តាំងហ្វឹកហ្វឺននាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ មិនគ្រាន់តែជាការបង្កើនសមត្ថភាពឲ្យដល់កងទ័ពជំនាញប៉ុណ្ណោះទេ តែក៍ជាកិច្ចឆ្លើយតបទៅនឹងសំណូមពរនៃគោលការណ៍ធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទរយៈពេលយូរអង្វែង និងការត្រៀមលក្ខណៈទទួលរ៉ាប់រងអនុវត្តភារកិច្ចឲ្យមានប្រសិទ្ធភាពផងដែរ។

ដើម្បីជាមូលដ្ឋានដល់ការដឹកនាំបំពេញភារកិច្ចបំរើជាតិ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ រួមគ្នាបន្តយកចិត្តទុកដាក់ភារកិច្ច ១០ចំណុច តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងឱកាសរំលឹកខួបលើកទី២០ នៃការបង្កើតកងទ័ពជើងគោក។

នាយឧត្ដមសេនីយ៍ បានក្រើនរម្លឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវមានស្មារតីស្មោះត្រង់ចំពោះជាតិមាតុភូមិ លើកកកម្ពស់មនសិការស្នេហាជាតិ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី និងគោរពយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា ច្បាប់លក្ខ័ន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាច្បាប់នានារដ្ឋ។

ជាមួយនេះ ត្រូវប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ ហើយប្តូរផ្តាច់ការពារសន្តិភាព និងរក្សាស្ថិរភាពនយោបាយ ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ និងគាំទ្រការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី។

ដោយឡែក សម្រាប់សិក្ខាកាមដែលទើបបញ្ចប់វគ្គ និងត្រូវបន្តវគ្គបណ្តុះបណ្តាលជំនាញរ៉ាដាការពារអាកាស និងកាំជ្រួច KS-1A ត្រូវបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រ ស្តាប់គ្រូឧទ្ទេសនាម ដើម្បីក្លាយជាយោធិនជំនាញប្រកបដោយសមត្ថភាព និងមានការសាមគ្គីភាពទាំងជាមួយថ្នាក់ដឹកនាំ ក៏ដូចជាយោធាចារ្យ និងសិក្ខាកាមរួមវគ្គ ជាពិសេសជាមួយប្រជាពលរដ្ឋនៅជុំវិញមូលដ្ឋានឈរជើង។

បើតាមរបាយការណ៍ហ្វឹកហ្វឺនបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលពលទាហានបំពេញក្របខ័ណ្ឌដែលទើបបានបញ្ចប់នាពេលនេះ មានសិក្ខាកាមសរុប ១៥០ នាក់ ដោយបានហ្វឹកហាត់រៀនសូត្រ និង លត់ដំខ្លួននៅក្នុងសាលារយៈពេល ៣ ខែ ហើយត្រូវបន្តចូលហ្វឹកហ្វឺនវគ្គបណ្តុះបណ្តាលជំនាញរ៉ាដាការពារអាកាស និង កាំជ្រួច KS-1A រយៈពេល ៦ ខែទៀត មុននឹងចេញទៅបំពេញភារកិច្ចជាក់ស្ដែង៕

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print