ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៥ ខែកុម្ភះ ឆ្នាំ២០១៦ នេះកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់ ចូលបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនដ៏ធំមួយកន្លែង ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយដកហូតបានថ្នាំញៀនជាច្រើន នឹងឃាត់ខ្លួនមនុស្សចំនួន៤ នាក់ស្រីម្នាក់។
ប្រតិបត្តិការណ៍នេះក្រោមការបញ្ជាពីលោកវរៈសេនីយ៍ទោ តេង លីណូ អធិការខណ្ឌ នឹងដឹកនាំផ្ទាល់ដោយលោកអនុសេនីយ៍ឯក ហួរ ម៉េងវាំង អធិការរងខណ្ឌមានជ័យទទួលផែនព្រហ្មទណ្ឌ ។
លោកអនុសេនីយ៍ឯក ហួរ ម៉េងវាំងបានប្រាប់អោយដឹងថា ក្រោមការបញ្ជាពីឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញនឹងលោកអធិការនគរបាលខណ្ឌមានជ័យនោះ លោកបានដឹកនាំកម្លាំងព្រហ្មទណ្ឌខណ្ឌសហការជាមួយនគរបាលប៉ុស្តិចាក់អង្រែលើ បានចុះឡោមព័ទ្ធនឹងឆែកទីតាំងមួយកន្លែងស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យក៏ប្រទះឃើញជនសង្ស័យចំនួនបួននាក់ កំពុងចែកចាយគ្រឿងញៀនដូច្នេះកម្លាំងរបស់លោកបាន ចាប់ឃាត់ខ្លួន នឹងឆែកឆេរក្នុងផ្ទះរបស់ពួកគេ បានរកឃើញ ថ្នាំញៀនជាច្រើនរួមជាមួយឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ ។
លោកអធិការរងបានបន្តថា ក្រោមការឆែកឆេររកឃើញវត្ថុតាងជាក់ស្តែងបែបនេះ កម្លាំងសមត្ថកិច្ចបាននាំខ្លួនមនុស្សទាំង៤នាក់ រួមជាមួយវត្ថុតាង ថ្នាំញៀន ២កញ្ជាប់ធំ និង ២៩កញ្ចប់តូច ថ្នាំគ្រាប់ចំនួន ១៨៥គ្រាប់ លុយខ្មែរចំនួន ៤ លាន៣២មឺុន ៧ពាន់រៀល និង លុយដុល្លារចំនួន ៣៤៧ដុល្លារអាមេរិក យកទៅកាន់ស្នាក់ការនគរបាលប៉ុស្តិចាក់អង្រែលើ ដើម្បីបន្តការសាកសួរ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំបញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សមត្ថកិច្ចបញ្ជាក់ថាអត្ដសញ្ញណមនុស្សទាំង៤នាក់ ខាងលើនេះ ទី១ ឈ្មោះ តឹក ដានី ភេទស្រី អាយុ២៦ ឆ្នាំ ទី២ឈ្មោះ សុំ និស្ស័យ ភេទប្រុស អាយុ ២៣ ឆ្នាំ ទី៣ឈ្មោះ សុំ ពេជ្រ ភេទប្រុស អាយុ ៣២ ឆ្នាំ ទី៤ ឈ្មោះ សុំ សុវណ្ណ ភេទប្រុស អាយុ ២២ ឆ្នាំ ៕
ដោយ៖ តាឡឹម