ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវឧកញ៉ាទេពផន កែងផ្លូវលេខ១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ត្រង់ទល់មុខក្រុមហ៊ុនកាពីតូលអតីតក្រុមអ្នកបើករថយន្តទេសចរណ៍ ក្រុមហ៊ុនកាពីតូល ដឹកអ្នកដំណើរ ប្រមាណជា៥០នាក់ បានផ្ទុះការតវ៉ាសាជាថ្មីម្តងទៀតបន្ទាប់ពោះមានការតវ៉ាច្រើនលើកមិនបានសម្រេច រហូតម្តងនេះឈានដល់ការប្រើអំពើហិង្សា ដោយក្រុមអ្នកតវ៉ាសម្រុកចូល ស្នាក់ការក្រុមហ៊ុនកាពីតូលផ្សារអូឫស្សី តែត្រូវរារាំងដោយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ។
ការតវ៉ាជាថ្មីម្ដងទៀតរបស់អតីតក្រុមអ្នកបើករថយន្តទេសចរណ៍ ក្រុមហ៊ុនកាពីតូលនាព្រឹកនេះធ្វើឲ្យមានការបិទផ្លូវផ្សារអូឫស្សី ខណៈមានអំពើហិង្សាកើតឡើង ដោយក្រុមអ្នកតវ៉ាសម្រុកចូល ក្នុងស្ថានីយ៍រថយន្តក្រុមហ៊ុន តែត្រូវសមត្ថកិច្ចទប់ស្កាត់ទាន់។ ប៉ុន្តែសមត្ថកិច្ចអះអាងថា មិនមានអ្នករងរបួសធ្ងន់ធ្ងរទេ គ្រាន់តែរលាត់ដៃជើងតិចតួចប៉ុណ្ណោះ ហើយពួក ក្រុមអ្នកតវ៉ាបានរំសាយនៅវេលាម៉ោង១រសៀលថ្ងៃដដែល ។
គេនៅចាំបានថា ការតវ៉ាអហិង្សា របស់អ្នកបើករថយន្តក្រុមហ៊ុនកាពីតូល ជិត១០០នាក់ បានផ្ទុះឡើងតាំងពី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ដើម្បីឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយអន្តរាគមន៍ទៅលោក ផាន់ ស៊ីផុន នាយកក្រុមហ៊ុន ដឹកជញ្ជូន អ្នក ដំណើរ កាពីតូល បញ្ឈប់ការធ្វើ ទុក្ខបុកម្នេញទៅលើបុគ្គលិក កម្មករ តំណាងសហជីព និងសុំអនុញ្ញាតឲ្យពួកគេ ចូល ធ្វើការវិញ ដោយគិតប្រាក់រំលឹកទាំងអស់ផង៕ស រស្មី