អន្តរជាតិ៖ តាមរយៈការបំពេញទស្សនកិច្ចផ្លូវការមួយ ទៅកាន់កោះតៃវ៉ាន់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានព្រមាន លោក ម៉ៃឡូស វីស្ត្រាស៊ីល (Milos Vystrcil) ប្រធានព្រឹទ្ធសភាឆែក ថា នឹងត្រូវតបស្នងមកវិញ នូវតម្លៃមួយយ៉ាងសក្តិសម សម្រាប់ការបំពានលើគោលនយោបាយ «ចិនតែមួយ»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហាឆ្នាំ២០២០។
ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី៣០ ខែសីហាម្សិលមិញនេះ លោក Vystrcil បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ ត្រូវបានគេមើលឃើញថា ជាចេតនាលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់។ យ៉ាងណាក៏ដោយ នាកំឡុងបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក Vystrcil បានបំពានលើគោលនយោបាយ «ចិនតែមួយ»។
មិនតែប៉ុណ្ណោះលោក វ៉ាង យី បានសង្កត់ធ្ងន់យ៉ាងខ្លីដូច្នេះថា «យើងនឹងឱ្យគាត់ (លោក Vystrcil) តបស្នងមកវិញនូវតម្លៃមួយយ៉ាងសក្តិសមចំពោះអាកប្បកិរិយាជាអ្នកនយោបាយឆ្លៀតឱកាស»។
បើតាមលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ការបំពានលើគោលនយោបាយចិនតែមួយ គឺជាការបង្កើតសត្រូវជាមួយប្រជាជនចិន ១.៤ពាន់លាននាក់ ហើយរដ្ឋាភិបាល និងប្រជាជនចិននឹងមិនអត់ឱនជាដាច់ខាត ចំពោះទង្វើបង្ករឿងដោយចំហ របស់ប្រធានព្រឹទ្ធសភាឆែក លោក Milos Vystrcil ព្រមទាំងអ្នកមានគំនិតប្រឆាំងចិន នៅពីក្រោយខ្នងរូបលោក៕ដោយ៖ស តារា