អន្តរជាតិ៖ លោក Dwayne Jonhson ហៅ The Rock ដែលជាកំពូលតារាសម្តែងហូលីវូដល្បីឈ្មោះម្នាក់ បានប្រកាសក្នុងបណ្តាញសង្គមកាលពីប៉ុន្មានសប្តាហ៍មុនថា៖ លោកនិងភរិយា រួមទាំងកូនពីរនាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញហើយ ពីជំងឺកូវីដ១៩ បន្ទាប់ពីពួកគេបានឆ្លងជំងឺនេះ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះថា តារាសម្តែងវ័យ ៤៨ឆ្នាំ លោក Dwayne Jonhson ហៅ The Rock បាននិយាយក្នុងបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនថា លោក និងភរិយាវ័យ ៣៥ឆ្នាំ ឈ្មោះ Lauren និងកូនស្រីពីរនាក់ទៀត ម្នាក់ឈ្មោះ Jasmine វ័យ ៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ Tiana វ័យ២ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ កាលពី២សប្តាហ៍មុន ទាំងមិនបានដឹងថាឆ្លងវីរុសនេះដោយរបៀបណានោះទេ។ ដំបូងឡើយកូនស្រីទាំងពីរបស់គេ មានអាការៈឈឺបំពងក ខណៈ The Rock និងភរិយាគឺស្ថិតក្នុងអាការៈដ៏ពិបាកមួយ។
ជាមួយនឹងដំណឹងរីករាយ នៃការជាសះស្បើយឡើងវិញពីជំងឺកូវីដ១៩ The Rock បានលើកទឹកចិត្តឲ្យមហាជនគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត នៅពេលជួបជុំជាមួយមិត្តភក្តិឬក្រុមគ្រួសារ តាមរយៈការអនុវត្តន៍វិធានការនានា ដូចជាការទៅធ្វើតេស្តរកជំងឺកូវីដ១៩ មុនពេលជួបជុំគ្នា និងការពាក់ម៉ាសជាដើម។
គួរបញ្ជាក់ផងដែរថា The Rock ក៏ជាតារាម្នាក់ដែលល្បីល្បាញក្នុងវិស័យកីឡាកាសផងដែរ ។ ប៉ុន្តែលោក បានចាប់ផ្តើមចាប់យកអាជីពសិល្បៈ តាមរយៈការសម្តែងភាពយន្តហូលីវូដនៅចុងឆ្នាំ១៩៩៩ ខណៈថ្មីៗនេះលោកត្រូវបានគេដឹងថា ជាកំពូលតារាសម្តែងដែលមានភាពជោគជ័យមួយរូបផងដែរ ក្នុងវិស័យហូលីវូដ ដែលរកចំណូលបានច្រើនជាងគេបំផុត គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០នេះ៕ដោយ៖ស តារា