អន្តរជាតិ៖ ទីក្រុងប៉េកាំង បន្ទាប់ពីចាប់ផ្ដើមដំណើរការជាប្រក្រតីឡើងវិញ ព្រោះហានិភ័យនៃជំងឺ COVID-19 ធ្លាក់មកនៅទាបនោះ ។រដ្ឋបាលក្រុងប៉េកាំង បានចាប់ផ្ដើមទទួលយកជើងហោះហើរពីប្រទេសចំនួន៨ឡើងវិញចាប់ពីថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២០នេះតទៅ ដោយជើងហោះហើរទាំងនោះ គឺមានមកពីកម្ពុជា ថៃ និងប្រទេសប៉ែកខាងលិច៥ទៀត ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅប៉េកាំង ។
ជាក់ស្តែងនៅថ្ងៃទី៣ ខែកញ្ញានេះ ជើងហោះហើរទីមួយដែលចុះចតនៅព្រលានយន្តហោះរដ្ឋធានីចិន គឺជើងហោះហើរពីប្រទេសកម្ពុជាទៅកាន់ប៉េកាំង គិតតាំងពីខែមីនាមក។ ខណៈដែលជាង៦ខែមកនេះ ក្រុងប៉េកាំង ហាមឃាត់ការធ្វើដំណើរតាមផ្លូវអាកាសពីបរទេសដើម្បីទប់ស្កាត់ការនាំចូលជំងឺ COVID-19 ។ ក្រៅពីកម្ពុជា ជើងហោះហើរពីថៃ ក្រិក ដាណឺម៉ាក អូទ្រីស និងកាណដា ក៏ទទួលបានការអនុញ្ញាតផងដែរ។
បើតាមការផ្សាយរបស់ទូរទស្សន៍ចិន CGTN នៅថ្ងៃទី៣ ខែកញ្ញា បានដកស្រង់ពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានអះអាងថា ប្រទេសទាំងនេះ ទទួលបានភ្លើងខៀវពីរដ្ឋាភិបាលចិនក្នុងចាប់ផ្ដើមការធ្វើដំណើរជើងអាកាសទៅកាន់ប៉េកាំង ក្រោយត្រូវបានវាយតម្លៃថាមានហានិភ័យ COVID-19 ទាប។ ប៉ុន្តែទោះជាយ៉ាងណា លក្ខខណ្ឌក្នុងការពិនិត្យសុខភាពតឹងរ៉ឹង នឹងត្រូវអនុវត្តដដែល។
គួរបញ្ជាក់ថា អ្នកដំណើរទាំងអស់ដែលធ្វើដំណើរទៅកាន់ប៉េកាំងតាមជើងយន្តហោះក្រៅស្រុកទាំងអស់ ត្រូវបានមានលិខិតបញ្ជាក់អវិជ្ជមានជំងឺ COVID-19 បីថ្ងៃមុនឡើងយន្តហោះ ខណៈលើកមុនគឺ៥ថ្ងៃ។ ទៅដល់ចិន អ្នកដំណើរទាំងអស់ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីតាំងក្រៅប៉េកាំង។ ពួកគេ ក៏ត្រូវធ្វើតេស្តម្ដងទៀតមុនចាកចេញពីទីតាំងនោះ ហើយត្រូវរាយការណ៍ពីកម្ដៅរបស់ខ្លួនចំនួន៧ថ្ងៃបន្ទាប់។
ដោយឡែកលោក Xu Hejian អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៣ ខែកញ្ញានេះថា៖ ទីក្រុង នឹងមិនទទួលអ្នកដំណើរលើសពីមួយពាន់នាក់ឡើយ ហើយមានតែប្រជាជនចិន ប្រជាជនប្រទេសខាងលើប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យឡើងយន្តហោះ៕ដោយ៖ស តារា