ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ ប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានកោះប្រជុំជាបន្ទាន់ ជាមួយ គណៈចាងហ្វាង ដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម ប្រមាណជាង ៦៥រូប ដើម្បីពិភាក្សាត្រៀមជ្រើស រើស បេក្ខភាព គ្រូបង្រៀន ឥស្លាមចំនួន១៥០០នាក់ ចូលទៅក្នុងក្របខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាត ជាគោលការណ៍ ឲ្យបញ្ចូល គ្រូបង្រៀនសាសនាឥស្លាម ដែលសាសនាស្លាមហៅថា តួន ចំនួនប្រមាណ ១៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានអនុញ្ញាតឲ្យ បងប្អូនសាសនិកឥស្លាម អាចពាក់កាតឹប និងទទូរក្បាល ថតរូបធ្វើលិខិតស្នាមផ្សេងៗនោះរួចមក សហគមន៍ខ្មែរឥស្លាម នៅទូទាំងប្រទេស បានសាទរយ៉ាងខ្លាំង ព្រមជាមួយក្តីរំភើបឥតឧបមា រកអ្វីមកប្រៀបផ្ទឹមពុំបាន។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឱកាសបើកកិច្ចប្រជុំត្រៀមជ្រើសរើសបេខក្ខភាពគ្រូបង្រៀនឥស្លាមដែលមានសមត្ថភាពខ្ពស់ ចូលទៅក្នុងក្របខណ្ឌរដ្ឋ នារសៀលថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៥ នៅទីស្នាក់ការគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ការផ្តល់ជូនពីសំណាក់រាជរដ្ឋាភិបាលនេះ គឺជាអំណោយដ៏ធំបំផុតដែលនឹកស្មានមិនដល់ ហើយជាអំណោយមួយសម្រាប់ដោះទុក្ខកង្វល់របស់យើងទាំងអស់គ្នា។ កន្លងមក រាជរដ្ឋាភិបាលបានផ្តល់ជូនច្រើនមកហើយ សម្រាប់សហគមន៍ខ្មែរឥស្លាម ដែលនេះសបញ្ជាក់ពីការយកចិត្តទុកដាក់ ការអាណិតស្រលាញ់ស្មើៗគ្នាមិនរើសអើង មិនប្រកាន់ពូជសាសន៍។ នេះគឺជាកិច្ចការរបស់យើងទាំងអស់គ្នា មិនមែនតែជាកិច្ចការបស់ថ្នាក់ដឹកនាំខាងលើនោះទេ។ សូមឲ្យអ៊ីម៉ាំៗទាំងអស់ត្រូវស្រង់ស្ថិតិតួនៗទាំងអស់ ដែលកំពុងបង្រៀនបច្ចុប្បន្ន រួមទាំងតួនៗដែលកំពង់បង្រៀនតាមផ្ទះផងដែរ សម្រាប់ភូមិខ្លះដែលនៅខ្វះខាតសាលារៀន ។ ត្រូវសហការគ្នាធ្វើការប្រកប ដោយភាពស្មោះត្រង់ និងឲ្យបានលឿនទាន់ពេលវេលាពីព្រោះ រាជរដ្ឋាភិបាលបានកំណត់ផ្តល់ប្រាក់បៀរវត្សរ៍ជូនចាប់ផ្តើមពីខែសីហាឆ្នាំ២០១៥ខាងមុខនេះតទៅ ។
លោក ហ្សាការីយ៉ា អាដាម ចាងហ្វាងរង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានបញ្ជាក់ថា៖ មានតែគ្រូបង្រៀនសាសនាឥស្លាមនៅតាមសហគមន៍ ដែលកំពុងបង្រៀនក្រោមការឧបត្ថម្ភដោយ ថវិកា ហ្សាកាត់ និងការរៃអង្គាសពីប្រជាពលរដ្ឋទេ ដែលនឹងត្រូវបញ្ចូលក្នុងក្របខណ្ឌរដ្ឋ ។ លោក បានបន្តថា៖ ការសម្រេចរបស់រាជរដ្ឋាភិបាលនេះគឺ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ក៏ដូចជាការលើកកម្ពស់ គុណភាពអប់រំ ផងដែរ ។ ដោយហេតុថា កន្លងមកគ្រូបង្រៀនសាសនាឥស្លាម ពុំមានប្រាក់បៀវត្សរ៍ទេ មានតែប្រាក់ឧបត្ថម្ភបន្តិចបន្តួច ដែលបានមកពីថវិកាហ្សាកាត់ និងការរៃអង្គាសពីអ្នកភូមិ ទៅតាមសទ្ធា ជាហេតុធ្វើឲ្យទាំងគ្រូបង្រៀន និងអ្នកភូមិ មានជីវភាពដុនដាប ដែលធ្វើឲ្យគុណភាពអប់រំក៏ខ្សត់ខ្សោយទៅតាមនោះដែរ។ និយាយឲ្យចំ គឺរាជរដ្ឋាភិបាល ចង់ដោះបន្ទុកនៃការរៃអង្គាស ពីសំណាក់ប្រជាពលរដ្ឋ ដើម្បីឧបត្ថម្ភគ្រូបង្រៀន ក្នុងករណីដែលគ្រូបង្រៀនសាសនា ក៏មានគុណបំណាច់សម្រាប់ប្រទេសជាតិ ក៏ដូចជារាជរដ្ឋាភិបាលដែរនោះ។
លោកក៏បានរំលឹកឡើងវិញថា បញ្ហាប្រាកបៀរវត្សរ៍គ្រូបង្រៀនសាសនាឥស្លាម គឺជាក្តីកង្វល់របស់លោកផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំដ៏ទៃទៀត ដែលកន្លងមក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោក បានស្វះស្វែងស្នើសុំ នៅស្ទើគ្រប់ច្រកល្ហក នៅក្រៅប្រទេស តែជាលទ្ធផល មិនបានដូចបំណងឡើយ ។ ប៉ុន្តែចុងក្រោយនេះ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ បានសម្រេចយល់ព្រមលើការស្នើសុំ របស់លោក ក្នុងនាមគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រួមជាមួយ លោក អូស្មាន ហាស្សាន់ ក្នុងនាមជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មស្លិមកម្ពុជា លើសពីការចង់បាន ដែលធ្វើឲ្យលោកសប្បាយចិត្តហួសប្រមាណរហូតទប់ទឹកភ្នែកមិនបាន។ លោកចាងហ្វាងក៏បានផ្តាំផ្ញើទៅគណៈអ៊ីម៉ាំទាំងអស់ ត្រូវក្តាប់ឲ្យបាននូវបញ្ជីឈ្មោះតួនៗណា ដែលត្រូវបញ្ចូលឈ្មោះទៅក្នុងក្របខណ្ឌ ហើយរាល់តួនៗទាំងអស់ ត្រូវមានលិខិតស្នាម ឬឯកសារផ្លូវការនានា សម្រាប់សម្គាល់ខ្លួនផងដែរ ៕ សំរិត