ប្រជាពលរដ្ឋ​រិះគន់​នគរបាល​ចរាចរ​មិន​បង្ក្រាប​រថយន្ដ​ដឹក​ទំនិញ​សំពីងសំពោង

ចែករំលែក៖

ខេត្ដកំពង់ធំ​ ៖​ រថយន្ដ​ដឹក​ទំនិញ​សំពីង​ សំពោង​ដែល​គេ​មើលឃើញ​ថា​ កំពុង​ ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​មួយ​ថ្ងៃៗ​មិន​តិច​ជាង​៣០​គ្រឿង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​ លេខ​៦​ កាត់​តាម​ខេត្ដសៀមរាប​-​កំពង់ធំ​ និង​រាជធានី​ភ្នំពេញ​ មានការ​ព្រួយបារម្ភ​ ដោយ​ដោយ​ភ័យ​ខ្លាច​ថា​ ទំនិញ​ទាំងនោះ​ ដាច់​ធ្លាក់​សង្កត់​លើ​អ្នក​ដែល​ធ្វើ​ដំណើរ​ តាម​ផ្លូវ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ ។​ ​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​នគរបាល​ចរាចរ​ដែល​បាន​ត្រឹម​ តែ​បើកភ្នែក​ធំៗ​សម្លឹង​មើល​រថយន្ដ​ទាំង​ នោះ​ ប៉ុន្ដែ​ពុំ​មានការ​បង្ក្រាប​ឬ​ហាម​ ឃាត់​ម្ដងណា​សោះ​ ។​ ពួក​គាត់​ថា​ បើ​ សមត្ថកិច្ច​ទាំងនោះ​ឃើញ​ប្រជាពលរដ្ឋ​ ក្រីក្រ​ជិះ​ម៉ូតូ​ឆ្លងកាត់​ ដោយ​ពុំ​បាន​ពាក់​ មួក​សុវត្ថិភាព​ ឬ​ ម៉ូតូ​អត់​កញ្ចក់​វិញ​ គឺ​ ជញ្ជក់មាត់​ដូច​កុក​ឃើញ​ត្រី​ ដែល​ករណី​ នេះ​ពួក​គាត់​សង្ស័យ​ថា​ សមត្ថកិច្ច​ច្បាស់​ ជា​ត្រូវ​ថ្នាំ​សណ្ដំ​ផ្អែមមាត់ផ្អែមក​របស់​ ក្រុម​ឈ្មួញ​ហើយ​បានជា​ធ្វើ​មិនឃើញ​ ហើយ​ពុំ​បង្ក្រាប​បែប​នេះ​ ។​ ពួក​គាត់​ លើក​ក្ដី​ព្រួយបារម្ភ​ថា​ ការ​ដឹក​សំពីង​ សំពោង​បែប​នេះ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ ច្រើន​ណាស់​ដូច​ជា​ដាច់​ខ្សែ​ធ្លាក់​ទំនិញ​ ប៉ះពាល់​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាមួយ​គ្នា​ឬ​ក៏​ទំនិញ​ធ្ងន់​ពេក​បោក​រថយន្ដ​ធ្វើ​ឱ្យ​អ្នកបើកបរ​មិន​អាច​គ្រប់គ្រង​ រថយន្ដ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ និង​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផង​ក៏​ មាន​ដែរ​ ព្រោះ​ពួក​គាត់​សង្កេត​ឃើញ​ថា​ ពេល​ខ្លះ​គាត់​ឃើញ​ទំនិញ​លើ​រថយន្ដ​មានការ​ផ្អៀងផ្អង​ស្ទើរតែ​ដាច់​ធ្លាក់​ម្ដងៗ​ ។​ លើស​ពី​នេះ​ទៀត​ពេល​ខ្លះ​រថយន្ដ​បាន​រេ​ ពេញ​ផ្លូវ​ដោយសារ​តែ​ដឹក​ធ្ងន់​ពេក​យោល​រថយន្ដ​អ្នកបើកបរ​មិន​អាច​ទប់​ចង្កូត​នឹង​ ។​ ​គ្រូបង្រៀន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​នគរវត្ដ​ថា​ គាត់​ធ្លាប់​ត្រូវ​រថយន្ដ​ ដឹក​ទំនិញ​សំពីងសំពោង​ទាំងនេះ​កៀរ​ឱ្យ​ ធ្លាក់​ផ្លូវ​ម្ដង​រួច​មក​ហើយ​ តែ​ពុំ​មាន​គ្រោះ​ ថ្នាក់​ធំដុំ​នោះ​ទេ​ គ្រាន់តែ​រលាត់​ដៃជើង​ បន្ដិចបន្ដួច​ប៉ុណ្ណោះ​ ។​ តែ​ទោះជា​យ៉ាង​ នេះ​ក្ដី​ក៏​គាត់​ពុំ​ឃើញ​មាន​កិច្ច​អន្ដរាគមន៍​ពី​នគរបាល​មាន​សមត្ថកិច្ច​លើ​ករណី​នេះ​ នោះ​ទេ​ ។​ ផ្ទុយ​ទៅ​វិញ​ចំនួន​រថយន្ដ​ដែល​ ដឹក​បែប​នេះ​ហាក់ដូចជា​មានការ​កើន​ ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។​ ​លោក​ កែវ​ ហ៊ួ​រ​ ស្នងការ​រង​នៃ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដកំពង់ធំ​បាន​មាន​ ប្រសាសន៍​ថា​ ដោយសារ​តែ​រថយន្ដ​ទាំង​ នេះ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ ទើប​ កម្លាំង​នគរបាល​មានការ​ថ្លោះធ្លោយ​ តែ​យ៉ាងណា​កម្លាំង​ជំនាញ​ធ្លាប់​បាន​ចេញ​ប្រតិបត្ដិការ​បង្ក្រាប​ជា​ច្រើន​លើក​មក​ ហើយ​នៅ​ខាង​ស្រុក​ស្ទោង​ តែ​នៅ​មិន​ ទាន់​អស់ហើយ​យើង​នឹង​ខិតខំ​រឹត​បន្ដឹង​ បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​ ។​ ​ទាក់ទិន​នឹង​បញ្ហា​នេះ​មហាជន​បាន​ សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ជួយ​រឹត​ បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ ជាក់លាក់​ចំពោះ​រថយន្ដ​គ្រប់​ប្រភេទ​ ។​ ជា​ ពិសេស​គឺ​រថយន្ដ​ដឹក​ទំនិញ​សំពីងសំពោង​នេះ​ កុំ​ផាកពិន័យ​តែ​ម៉ូតូ​ ព្រោះ​មាន​តែ​ ពលរដ្ឋ​ក្រីក្រ​ទេ​ដែល​ជិះ​ម៉ូតូ​ អ្នក​ជិះឡាន​ សុទ្ធតែ​អ្នកមាន​ ។​ ដូច្នេះ​បើ​អនុវត្ដ​ច្បាប់​ ត្រូវ​ឱ្យ​ស្មើភាព​គ្នា​ទើប​មាន​យុត្ដិធម៌​ ៕​ ប៊ុ​ន​ រិ​ទ្ធី​

ktho

ktho-1

...

ktho-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print