អ្នកជំនាញអង្គការសហប្រជាជាតិ អះអាងថា៖ ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព​ នៅ​ហុងកុង

ចែករំលែក៖

អន្តរជាតិ៖ អ្នករាយការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិ (UN) បានចេញលិខិតព្រមានមួយច្បាប់លើ​បញ្ហា​សិទ្ធិមនុស្ស ខណៈដែលគេមើលឃើញថា៖ ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព​នៅក្នុង​ទីក្រុង​ហុងកុង និង​បំពាន​កាតព្វកិច្ច​ស្របច្បាប់​អន្តរជាតិ​។

ក្រុម​ជំនាញ​របស់​អង្គការសហប្រជាជាតិ បានលើកឡើង​យ៉ាង​ដូច្នេះ​ក្នុង​លិខិត​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០២០នេះថា​៖ «​ច្បាប់​សន្តិសុខ​ជាតិ​…​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដោយ​សេរី​ភាពជា​មូលដ្ឋាន និង​ការការពារ​សិទ្ធិ​ស្របច្បាប់​ប្រជាជន អាច​ត្រូវបាន​រំលោភបំពាន​»​។ ក្នុងន័យនេះ ច្បាប់​សន្តិសុខ​ជាតិ អាច​បំផ្លាញ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញ​គំនិត និង​ការជួបប្រជុំ​ដោយ​សន្តិវិធី​ជាដើម​។​

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ និយាយថា ក្រុម​អ្នកជំនាញ​អង្គការសហប្រជាជាតិ​មួយ​នេះ ក៏បាន​ជំរុញ​ឲ្យ​ចិន​ពិចារណា​ឡើងវិញ​លើ​ច្បាប់​សន្តិសុខ​ជាតិ និង​តែងតាំង​អ្នកពិនិត្យ​ឯករាជ្យ​មួយក្រុម ក្នុងការ​សិក្សា​លើ​ច្បាប់​ថ្មី​នេះ ដើម្បី​ធានាថា វា​គោរព​ទៅតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​ចិន​។

សូមជម្រាបថា ចាប់តាំងពី​មុន​ចូល​ជា​ធរមាន រហូតដល់​ក្រោយ​ចូល​ជាធរ​មាននៃ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ចិន​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ជុំវិញ​ការបំផ្លាញ​សិទ្ធិសេរីភាព​នៅក្នុង​ដែនដី​ស្វយ័ត​ហុងកុង​។ អាមេរិក អាល្លឺម៉ង់ អង់គ្លេស និង​បណ្តា​ប្រទេស​មួយចំនួនទៀត សុទ្ធតែ​ទាមទារ​ឲ្យ​ចិន​លុបចោល​ច្បាប់​ថ្មី​នេះ​។ យ៉ាងណាក៏ដោយ ចិន នៅតែ​ការពារ​ថា​ច្បាប់​សន្តិសុខ​ជាតិ គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ប្រជាជន​ឡើយ ផ្ទុយទៅវិញ​វា គឺជា​ការពារ​សិទ្ធិ និង​ជា​មូលដ្ឋាន​ការពារ​ស្ថិរភាព​នៅក្នុង​ទីក្រុង​។

​យ៉ាងណាមិញរដ្ឋាភិបាលចិន ក៏បាននិយាយ​អះអាង​ដូចខាងលើ​ក្តី ប៉ុន្តែ​បណ្តា​ប្រទេស​អឺរ៉ុប អាមេរិក និង​អូស្ត្រាលី​នៅតែ​មិន​ជឿ​ដដែល​។ក្រៅពី​ប្រទេស អង្គការ​អន្តរជាតិ ក៏បាន​ចេញមុខ​ទាមទារ​ឲ្យ​ចិន​ពិនិត្យ​លើ​ច្បាប់​នេះ​សារជាថ្មី​ផងដែរ ដោយ​សំអាងថា​វា​អាច​បំផ្លាញ​សិទ្ធិសេរីភាព​មូលដ្ឋាន​។ អ្នកជំនាញ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​មួយក្រុម ក៏​ចេញមុខ​រិះគន់​ចិន​ដែរ​។

​ជាក់ស្តែងនៅក្នុង​លិខិត​ដដែល​នេះ អ្នករាយការណ៍​ពិសេស​មួយក្រុម​នេះ ក៏បាន​លើកឡើង​ពី​បញ្ហា​បារម្ភ​ត្រង់​ការធ្វើ​បត្យាប័ន​ពី​ហុងកុង​ទៅ​ចិនដីគោក និង​អត្ថន័យ​នៃ​ពាក្យ​ភេរវកម្ម​ផងដែរ​។ ត្រង់​ការធ្វើ​បត្យាប័ន អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការកាត់ក្តី​ដោយ​យុត្តិធម៌​លើ​ជនសង្ស័យ​។ ឯ​អត្ថន័យ​នៃ​ភេរវកម្ម​វិញ ច្បាប់​សន្តិសុខ​ជាតិ​បាន​ឲ្យ​និយមន័យ ដល់​ការ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​មធ្យោបាយ​ដឹកជញ្ជូន​ជាដើម ដែល​ន័យ​នេះ គឺ​លើសពី​ការ​ឲ្យ​និយមន័យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ទៅទៀត ដែល​ផ្តោត​ត្រឹម​ការបង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត និង​ប៉ះពាល់​រាងកាយ​ធ្ងន់ធ្ងរ​។​

បច្ចុប្បន្ននេះ ក្រោយពី​ច្បាប់​សន្តិសុខ​ជាតិ​ចូល​ជា​ធរមាន អាជ្ញាធរ​បាន​ចាប់ខ្លួន​ប្រជាជន​ជាច្រើន ប៉ុន្តែ​អ្នកខ្លះ ក៏ត្រូវ​បាន​ដោះលែង​វិញ​ផងដែរ​។ដោយឡែក​ប្រទេស​មួយចំនួន បាន​ផ្អាក​ការធ្វើ​បត្យាប័ន​ជាមួយ​ហុងកុង បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ចូល​ជា​ធរមាន ក្នុងនោះ​មានដូចជា​អង់គ្លេស អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ អាល្លឺម៉ង់ កាណាដា និង​អាមេរិក​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print