ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ​ទទូច​ឲ្យអ្នកគាំទ្រ​បោះឆ្នោត​ឲ្យ​បាន​២​ដង ទោះជា​រឿង​ខុសច្បាប់​ក៏ដោយ

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក និងប្រព្រឹត្តិទៅនៅ​ថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ​នេះ។ លោក ដូ​ណា​ល់ ត្រាំប្រធានាធិបតី​អាមេរិក បាន​ទទូច​ឲ្យ​អ្នកគាំទ្រ​លោក​ក្នុង​រដ្ឋ North Carolina ដែលជា​សមរភូមិ​នយោបាយ​ដ៏​សំខាន់ ព្យាយាម​បោះឆ្នោត​ឲ្យ​បាន​២​លើក​ ​។ លោក ត្រាំ បានប្រាប់​ពួកគេ​ឲ្យ​បោះឆ្នោត​ម្ដង​តាមរយៈ​ការផ្ញើ​តាម​ប្រៃសណីយ៍ និង​ម្ដងទៀត​ដោយផ្ទាល់​ដល់​មណ្ឌលបោះឆ្នោត​។ ប៉ុន្តែជាក់ស្តែងនៅ​អាមេរិក ការបោះឆ្នោត​លើសពី​មួយ​លើក គឺជា​រឿង​ខុសច្បាប់ ។

​ជាក់ស្តែងលោក​ ត្រាំ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​មួយ នៅ​ថ្ងៃ​២ ខែកញ្ញា ក្នុង​ទីក្រុង Wilmington រដ្ឋ North Carolina លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ក្នុង​រដ្ឋ​នេះ​បោះឆ្នោត​២​ដង ដោយ​ម្ដង​តាមរយៈ​ផ្ញើ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍ និង​ម្ដងទៀត​បោះ​ដោយផ្ទាល់​នៅ​មណ្ឌលបោះឆ្នោត​។

បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters និយាយថា ត្រង់ចំណុច​នេះហើយដែរ លោកត្រាំ ​អះអាងថា ការធ្វើ​បែបនេះ​គឺ​ដើម្បី​ធ្វើតេស្ត​លើ​ប្រព័ន្ធ​បោះឆ្នោត​នេះ​។ លោក ដូ​ណា​ល់ ត្រាំ សង្កត់ធ្ងន់ថា៖ «​ប្រសិនបើ​ប្រព័ន្ធ​នេះ​ល្អ​ដូចដែល​ពួកគេ​និយាយ​មែន​នោះ ដូច្នេះ​ច្បាស់​ណាស់ ពួកគេ​នឹង​មិនអាច​បោះឆ្នោត​ដោយផ្ទាល់​នៅ​មណ្ឌល​បាន​នោះទេ​»​។

លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​លើកឡើង​ដោយ​គ្មាន​ភស្តុតាង​ថា ការបោះឆ្នោត​តាមរយៈ​ផ្ញើ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍ នឹង​បង្កើន​លទ្ធភាព​នៃ​ការលួចបន្លំ និង​បង្អាក់​ដល់​ការបោះឆ្នោត​នា​ខែវិច្ឆិកា ទោះបីជា​អ្នកជំនាញ អះអាងថា វា​ជា​កម្រ​នឹង​កើតមាន​បំផុត​ក្នុង​សហរដ្ឋអាមេរិក​។

យ៉ាងណាមិញ ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ត្រាំ និង​សេត​វិមាន​អាមេរិក បាន​អះអាងថា លោក​ប្រធានាធិបតី​គ្មាន​ន័យ​ប្រាប់​ឲ្យ​ប្រជាជន​បោះឆ្នោត​២​ដងនោះ​ទេ​។ បើទោះបីនៅ​អាមេរិក ការបោះឆ្នោត​លើសពី​មួយ​លើក គឺជា​រឿង​ខុសច្បាប់ ហើយ​ក្នុង​រដ្ឋ​អាមេរិក​ខ្លះ រួមទាំង រដ្ឋ North Carolina ផង​នោះ ការលើកទឹកចិត្ត​ឲ្យ​អ្នកផ្សេង​ធ្វើបែបនេះ ក៏​ជា​ទោស​ផងដែរ ។

ដោយឡែកអ្នកនាំពាក្យ​សេត​វិមាន​អាមេរិក អ្នកស្រី Kayleigh McEnany ក៏បានបញ្ជាក់ប្រាប់​ទូរទស្សន៍​អាមេរិក Fox News នៅ​ថ្ងៃទី ៣ខែកញ្ញាម្សិលមិញនេះថា លោក​ប្រធានាធិបតី​មិន​លើកទឹកចិត្ត​ឲ្យ​អ្នកគាំទ្រ​លោក​ធ្វើ​រឿង​មិនល្អ​បែបនេះ​ឡើយ​។ ត្រង់ចំណុច​នេះ អ្នកស្រី​បកស្រាយ​ដូច្នេះ​ថា​៖«​អ្វីដែល​លោក​បាន​និយាយ​គឺ​ចង់​ធានាថា សន្លឹកឆ្នោត​របស់​អ្នក គឺ​រាប់បញ្ចូល​ក្នុង​តារាង ហើយ​បើសិនជា​អត់​ទេនោះដូច្នេះ [​អ្នក​] បោះឆ្នោត [​ដោយផ្ទាល់​នៅ​មណ្ឌល​]»​។​

​គួរបញ្ជាក់ថា រហូតមកទល់ពេលនេះជំងឺ​រាតត្បាត​សកល COVID-19 ទំនងជា​ធ្វើ​ឲ្យ​មានការ​កើនឡើង​ការបោះឆ្នោត​តាមរយៈ​ការផ្ញើ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍​សម្រាប់​ការបោះឆ្នោត​ឆ្នាំនេះ​។ គោលដៅ​គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​។ បើគិត​មក​ត្រឹម​ថ្ងៃទី​៤ខែសីហា ករណី​ឆ្លង COVID-19 សរុប​ឡើងដល់​៦,១៦​លាន​ករណី ក្នុងនោះ​ស្លាប់ ១៨,៧​ម៉ឺន​នាក់​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print