ភ្នំពេញ៖ ម្ចាស់ទីតាំងកែច្នៃស្ករត្នោត ដោយលាយសារធាតុគីមី បណ្ដាលឱ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋធ្ងន់ធ្ងរ ឬជាមុខរបរសម្លាប់ពលរដ្ឋខ្មែរ ដោយលក្ខណៈប្រយោល ហើយត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានី និងក្រសួងមហាផ្ទៃបង្រ្កាបចាប់ បែរជាត្រូវបានតំណាង អយ្យការធ្វើការដោះលែងម្ចាស់ទីតាំងបាត់ទៅហើយ។
ទន្ទឹមនឹងនោះ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ និងមាននៅលើបណ្ដាញទំនាក់ទំនងសង្គមរិះគន់យ៉ាងចាស់ដៃ ប៉ះពាល់ស្ថាប័នតុលាការ សង្ស័យថា ការដោះលែងម្ចាស់ទីតាំង កែច្នៃស្ករត្នោត លាយសារធាតុគីមីនេះ អាចកើតឡើងដោយអំពើពុករលួយសូកប៉ាន់ណាមួយ?
លោកឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានលើកឡើងផងដែរ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីលានចាក់សំរាមបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីសកម្មភាពការងាររបស់សមត្ថកិច្ច បានធ្វើការដុតកម្ទេចកាហ្វេបន្លំគុណភាពប្រមាណ៣០តោន កម្ទេចចោលនោះ ថ្លែងយ៉ាងដូច្នេះថា ៖ ករណីម្ចាស់ទីតាំងកែច្នៃស្ករត្នោតលាយសារធាតុគីមីនេះ សមត្ថកិច្ចបានកសាងសំណុំរឿង ដោយភ្ជាប់សេចក្ដីសន្និដ្ឋាន សំយោគបទល្មើស តាមមាត្រា១៨ និងមាត្រា២០ បញ្ញត្តិមាត្រា៦៣ ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដែលបទល្មើសនេះ អាចនឹងត្រូវផ្ដន្ទាទោស ពីមួយខែ ទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ១០លានរៀល ប្រសិនបើតុលាការរកឃើញថា ម្ចាស់ទីតាំងខាងលើមានពិរុទ្ធភាព។
លោកឡុង ស្រេងបន្តថា យើងបញ្ជូនសំណុំរឿងទៅតុលាការ លោកតុលាការគេដោះលែងជាឆន្ទានុសិទ្ធិរបស់តុលាការ ប៉ុន្តែយើងមិនយល់ ម៉េចក៏ធ្វើអញ្ចឹង?។ តុលាការបានប្រាប់លោកថា ម្ចាស់ទីតាំងមានជំងឺ ទើបដោះលែង លោកមិនយល់ ដោយលោកបញ្ជាក់ថា ស្ករត្នោតមានហានិភ័យជាងកាហ្វេ១០០០ដង ព្រោះកាហ្វេប្រើសារធាតុគីមី ចំណីអាហារដែលច្បាប់អនុញ្ញាត។ ប៉ុន្តែស្ករត្នោតនេះ ប្រើប្រាស់សារធាតុគីមី ដែលច្បាប់ហាមឃាត់ មិនឱ្យដាក់លើចំណីអាហារទេ។ សារធាតុគីមីប្រភេទ សូលដ្យូមហ៊ីដ្រូស៊ុលហ្វីត ធ្វើឱ្យសម្ពាធឈាមឆ្លាក់ ធ្វើឱ្យមានបញ្ហាផ្លូវដង្ហើម ធ្វើឱ្យក្អួតចង្អោរ ធ្វើឱ្យសន្លប់ ឬក៏ស្លាប់ភ្លាមៗ។ ដូច្នេះរាល់ទំនិញដែលមានហានិភ័យខ្ពស់ តុលាការគម្បីឃុំខ្លួនទៅ ដើម្បីសុខមាលភាព ដល់ប្រជាពលរដ្ឋ។
មន្ដ្រីនគរបាលបានឱ្យដឹងថា សំណុំរឿងខាងលើនេះ គឺស្ថិតនៅលើដៃលោកមាស ច័ន្ធពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលម្ចាស់ទីតាំងមានឈ្មោះជ្រោយ សុខ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានព្រះរាជអាជ្ញារងរូបនេះ ធ្វើការដោះលែងកាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦កន្លងទៅ ហើយក្លាយជាកម្មវត្ថុប្រតិកម្មពីសមត្ថកិច្ច ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ចាត់ទុកថា នេះជាអំពើពុករលួយ ជាចាំបាច់ស្ថាប័នពាក់ព័ន្ធ ពិនិត្យ ដោយយកចិត្តទុកដាក់ ថាការដោះលែងនេះ មានមូលកភាពច្បាស់លាស់ត្រូវត្រឹមដែរឬទេ?
ពាក់ព័ន្ធករណីនេះ លោកមាស ច័ន្ធពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបដិសេធថា ខ្លួនមិនបានដោះលែង ហើយក៏មិនមានប្រតិកម្មមានពីនគរបាលដែរ។ តាមទូរស័ព្ទ ជាមួយនគរវត្តនារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោកមាស ច័ន្ទពិសិដ្ឋបានបញ្ជាក់យ៉ាង ដូច្នេះថា “មិនបានដោះលែង… រឿងហ្នឹងគឺខាងសមត្ថកិច្ចអត់បានឃាត់ខ្លួនមនុស្សមកទេ គឺបញ្ជូនតែសំណុំរឿងមក… គាត់មិនឃាត់ដោយសារបញ្ហាសុខភាព ហើយខាងកាសែត ចេះតែវាយមកខ្ញុំ ថាខ្ញុំជាអ្នកដោះលែងទៅ ខ្ញុំមិនបានដោះលែងទេ” ។
លោកមាស ច័ន្ទពិសិដ្ឋ បន្តថា តែបើរឿងសារធាតុគីមី ខ្ញុំបានដោះលែងមែន ដោយសារបទល្មើសនេះ ជាបទល្មើសពិន័យជាប្រាក់ មិនអាចឃុំខ្លួន អ្នកណាបានទេ ពេលគេបញ្ជូនមក តែរឿងនេះ គេបញ្ជូនតែសំណុំរឿងមកទេ ដោយសារគាត់មានជំងឺលើសឈាម ពោះវៀន និងចង់សរសៃប្រាសាទ ឡប់ៗម្ដងៗ ក៏ឱ្យទៅផ្ទះវិញ។ តំណាងអយ្យការបញ្ជាក់ថា គេថា នគរបាលប្រតិកម្មក្នុងរឿងនេះ តែអត់មានប្រតិកម្មទេ អាចសួរទៅខាងនគរបាលោប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីបាន មិនមែនសួរទៅខាងបងឡុង ស្រេង (នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង) ទេ ហើយបងឡុង ស្រេង មិនមែនជាម្ចាស់ករណី ម្ចាស់ករណីក្នុងរឿងនេះ គេអ្នកកសាងសំណុំរឿងមក គឺខាងនគរបាលប្រឆាំងបទល្មើលសេដ្ឋកិច្ចរាជធានី ហើយក៏គេ អត់មានប្រតិកម្មក្នុងរឿងហ្នឹង ព្រមទាំងនគរបាលបានសុំមកខ្ញុំ ថាកាត់មានជំងឺ ដូច្នេះខ្ញុំមិនបានដោះលែងទេ។
គួររំលឹកថា ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្រ្កាបទីតាំងកែច្នៃស្ករត្នោតលាយសារធាតុគីមី មានប្រជាពលរដ្ឋគាំទ្រ ចំពោះវិធានការនេះ ចាត់ទុកថា យកចិត្តទុកដាក់ខ្ពស់ គិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋដែលអ្នកបរិភោគ ប៉ុន្តែអ្វីដែលមានការដោះលែង ម្ចាស់ទីតាំងដោយតុលាការ បានក្លាយទៅជាប្រតិកម្ម តាមរយៈការផ្សព្វផ្សាយព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ដែលសំណូមពរឱ្យស្ថាប័ននិងក្រសួងពាក់ព័ន្ធពិនិត្យឡើងវិញ ថាការដោះលែងម្ចាស់ទីតាំងខាងលើលក្ខណៈស្របច្បាប់ ឬជាអំពើពុករលួយ? ក្នុងយន្ដការដែលរដ្ឋាភិបាល បាននិងកំពុងកំណែទម្រង់ប្រព័ន្ធតុលាការ។
កន្លងទៅ ព្រះរាជអាជ្ញារងមួយរូបនៅសាលាដំបូងរាជធានីភ្នំពេញ ក៏ធ្លាប់ដោះលែងម្ចាស់ទីតាំងផលិតកាហ្វេក្លែងក្លាយម្ដងរួចមកហើយ ធ្វើឱ្យមជ្ឈដ្ឋានទូទៅ ចាត់ទុកថា ដើម្បីប្រយោជន៍និងទឹកប្រាក់ បុគ្គលតុលាការខ្លះ សុខចិត្តដោះលែងជនប្រព្រឹត្តបទល្មើសដោយពុំមានចេតនាណាមួយ គិតដល់បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាធំនោះឡើយ៕
ដោយ៖ សីលា