ភ្នំពេញ៖ សូមស្វែងយល់ពីគម្រោងស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ដែលនឹងបើកការដ្ឋាននៅថ្ងៃច័ន្ទទី៧ខែកញ្ញាឆ្នាំ២០២០ ស្ថិតក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា៖ ទីតាំងស្ថិតនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើង ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ មហាវិថីថ្មី ក៏នឹងរត់ត្រង់ជួរភ្ជាប់មកមហាវិថី អង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ អង្គភាពខាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា៖
-ជាផ្លូវភ្លោះ មានប្រវែង ៥៨៦០ម ទទឹង ៣០ម ក្នុងនោះ ផ្លូវសងខាង ១២ម សួនកណ្តាល ២ម និងចិញ្ចើមផ្លូវសងខាង ២ម។
-ជាផ្លូវទ្វេរទិស ដែលមាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។
-ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សម។
-ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម ប្រវែង ១១៧២០ម និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន ៨កន្លែង។
-នៅកណ្តាលសួនច្បារមានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃដើម្បីជារបាំងពន្លឺចាំងភ្នែក និងលំអ និងដាំស្មៅ។
-រៀបការឺឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ។
-តម្លើងភ្លើងស្តុបចរាចរចំនួន ៤កន្លែង លាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរ៕
ដោយ៖ សុខ ខេមរា