អន្តរជាតិ៖ អតីតរដ្ឋមន្ត្រីយុវជន និងកីឡាវ័យក្មេងម៉ាឡេស៊ី លោក Syed Saddiq Syed Abdul Rahman ក្រោយប្រកាសមិនចូលរួមជាមួយមេដឹកនាំចាស់ គឺលោក មហាធៀ មហាម៉ាត់ នោះ ។ ពេលនេះ លោក Syed Saddiq បានប្រកាសថា ខ្លួននឹងបង្កើតគណបក្សថ្មីមួយដែលប្រមូលផ្ដុំក្រុមយុវជន។ មិនតែប៉ុណ្ណោះ លោកសង្ឃឹមថា អាចផ្លាស់បរិយាសកាសនយោបាយដែលជាយូរមកហើយគ្រប់គ្រងដោយមនុស្សចាស់ និងអំណាចទឹកលុយ។
លោក Syed Saddiq ដែលជាអតីតរដ្ឋមន្ត្រីយុវជន និងកីឡាម៉ាឡេស៊ីរូបនេះ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានReuters នៅថ្ងៃទី ៣ ខែសីហា កន្លងទៅយ៉ាងដូច្នេះថា៖«យើងចង់រំដោះម៉ាឡេស៊ីពីវប្បធម៌នយោបាយដែលពឹងផ្អែកលើទឹកលុយនិងអំណាច ហើយស្ដារវាជាថ្មីជាមួយមនុស្សវ័យក្មេងដែលមានគំនិត និងបេះដូងស្មោះត្រង់ ដែលអាចធ្វើឲ្យម៉ាឡេស៊ីឆ្ពោះទៅមុខបាន»។
អតីតរដ្ឋមន្ត្រីយុវជនម៉ាឡេស៊ីរូបនេះ លើកឡើងថា សម្រាប់មហិច្ឆតារុះរើវប្បធម៌នយោបាយរបស់ម៉ាឡេស៊ីនេះ គឺលោកយកគំរូតាមបក្ស En Marche ដែលផ្តោតលើយុវជនរបស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងបក្សអនាគតឆ្ពោះទៅមុខរបស់ប្រទេសថៃ។
គួរបញ្ជាក់ថា អ្នកនយោបាយវ័យ២៧ឆ្នាំរូបនេះ អះអាងថា បក្សថ្មីដែលពុំទាន់ដាក់ឈ្មោះនេះ នឹងព្យាយាមស្វែងយកតំណាងក្នុងចំណោមយុវជន និងស្ត្រី ឲ្យមានសំឡេងកាន់តែច្រើននៅក្នុងសភាម៉ាឡេស៊ី ហើយជាពិសេស ងាកចេញពីប្រព័ន្ធបក្ខពួកនិយម។ ត្រង់ចំណុចនេះលោក Syed Saddiq បន្តថា បក្សរបស់លោកមានសមាជិកសរុប៣៣នាក់ហើយ ដែលសុទ្ធតែជាយុវជនមកពីចម្រុះជាតិសាសន៍និងវិស័យផ្សេងគ្នា។
សូមជម្រាបថា លោក Syed Saddiq បានលេចមុខជាបុគ្គលសំខាន់នៅម៉ាឡេស៊ីជាលើកដំបូង ក្រោយចូលដៃជាមួយអតីតនាយករដ្ឋមន្ត្រីមហាធៀ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលហ៊ុមព័ទ្ធដោយអំពើពុករលួយរបស់លោកណាជីប រ៉ាក់ហ្សាក់ ក្នុងឆ្នាំ២០១៨។ លោកបានក្លាយខ្លួនជាសមាជិកគណៈរដ្ឋមន្ត្រីវ័យក្មេងបង្អស់របស់ម៉ាឡេស៊ី ក្រោយត្រូវបានតែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីយុវជននិងកីឡាក្នុងរដ្ឋបាលលោកមហាធៀ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីទទួលបានឯករាជ្យមក នយោបាយម៉ាឡេស៊ី ត្រូវបានគ្រប់គ្រងដោយគណបក្សអង្គការជាតិម៉ាឡេរួបរួម(UMNO) រហូតដល់ឆ្នាំ២០១៨។ ហើយបក្សនេះត្រូវបានទម្លាក់ចេញពីសង្វៀននយោបាយម៉ាឡេស៊ីដោយមួយផ្នែកធំពីការប្រព្រឹត្តអំពើពុករលួយពីសំណាក់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។
ជាក់ស្តែង បច្ចុប្បន្ននេះ អ្នកនយោបាយជើងចាស់២រូប រួមមាន៖ លោក មហាធៀ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាអ្នកនយោបាយមានទឹកមាត់ប្រៃក្នុងឆាកនយោបាយប្រទេសនេះ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្លេះ ៕ដោយ៖ស តារា