អន្តរជាតិ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះ ក្រុមហ៊ុនឱសថដ៏ធំរបស់ចិនចំនួនពីរ គឺ China National Biotec Group (CNBG) and Sinovac Biotech Ltd បានប្រកាសថា នឹងធ្វើតេស្តទ្រង់ទ្រាយធំវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅប្រទេសចំនួនបួនទៀតនៅប្រទេសប៉ែកអឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនឱសថចិននោះ អះអាងថា៖ ការធ្វើតេស្តដំណាក់កាលទីបីនេះ ត្រូវបានរំពឹងថា នឹងផ្ដល់ទិន្នន័យកាន់តែទុកចិត្តបានដើម្បីឈានទៅដល់ការផលិតវ៉ាក់សាំងការពារជំងឺ COVID-19 ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅស៊ែប៊ី CNBG នឹងសាកល្បងវ៉ាក់សាំងដែលអភិវឌ្ឍដោយមន្ទីរពិសោធន៍វូហាន និងប៉េកាំង ចំណែកនៅប៉ាគីស្ថាន ត្រូវប្រើប្រាស់វ៉ាក់សាំងរបស់អង្គភាពក្រុមហ៊ុននេះប្រចាំប៉េកាំង។ អនុប្រធានក្រុមហ៊ុននេះ លោក Zhang Yuntao បញ្ជាក់ថាសម្រាប់ការធ្វើតេស្តដំណាក់កាលទីបី ក្រុមហ៊ុនរំពឹងមានអ្នកចូលរួម៥ពាន់នាក់មកពីប្រទេសចំនួន១០ ។ សព្វថ្ងៃការសាកល្បង ត្រូវបានធ្វើនៅអេមីរ៉ាត់អារ៉ាប់រួម ហ្ស៊កដានី បារ៉ែន ប៉េរូ ម៉ារ៉ុក និងអាហ្សង់ទីន។
អនុប្រធានក្រុមហ៊ុនខាងលើអះអាង ប្រទេសជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ទិញវ៉ាក់សាំងពីក្រុមហ៊ុនលោកប្រមាណ៥០០លានដូសហើយ។ លើសពីនេះ វ៉ាក់សាំងរបស់ CNBG នឹងត្រូវចែកឲ្យបុគ្គលិកចិននៅស្ថានទូតចិននៅបរទេសនៅពេលឆាប់ៗផងដែរ។
សូមជម្រាបថា ក្រុមហ៊ុនផលិតឱសថ CNBG នឹងសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួននៅស៊ែប៊ី និងប៉ាគីស្ថាន ក្រោយប្រទេសទាំងពីរនេះ យល់ព្រមចូលរួមក្នុងការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទីបី។ ចំណែក Sinovac នឹងយកវ៉ាក់សាំងរបស់ខ្លួនទៅសាកល្បងនៅតួកគី និងបង់ក្លាដែស។ ក្រុមហ៊ុនចិនទាំងពីរនេះ កំពុងព្យាយាមប្រមូលទិន្នន័យឲ្យបានច្រើន និងចម្រុះគ្នាដើម្បីពិសោធប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួន។
បើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ Sinovac លោក Yin Weidong នៅថ្ងៃទី៦ ខែកញ្ញ។ វ៉ាក់សាំងនេះ កំពុងត្រូវបានសាកល្បងនៅប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលសុទ្ធសឹងជាប្រទេសមានករណីឆ្លងច្រើន ។ ចំណែកវ៉ាក់សាំងរបស់ Sinovac ដែលមានឈ្មោះថា CoroVac វិញក៏ត្រូវបានអនុញ្ញាតឲ្យធ្វើតេស្តនៅតួកគី និងបង់ក្លាដែសសម្រាប់ដំណាក់កាលទីបីដែរ ៕ដោយ៖ស តារា