អន្តរជាតិ៖ មនុស្សរាប់រយនាក់ កំពុងតែមានហានិភ័យក្នុងការឆ្លងជំងឺ COVID-19 បន្ទាប់ពីពួកគេបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយបុរសម្នាក់ជាDJ មុនពេលជាប់ពន្ធនាគារ ហើយត្រូវបានរកឃើញថា៖ ឆ្លងជំងឺ COVID-19 ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍ ។
សារព័ត៌មានបាងកកប៉ុស្ដិ៍ បាននិយាយថា បុរសនោះត្រូវបានគេស្គាល់ថា ជាអ្នកជំងឺក្នុងសហគមន៍ជាលើកដំបូងក្នុងរយៈពេល ១០០ថ្ងៃ របស់ប្រទេសថៃ និងធ្លាប់ធ្វើជា DJ មុនពេលចូលពន្ធនាគារពាក់ព័ន្ធជាមួយគ្រឿងញៀន ហើយបានរកឃើញថាឆ្លងជំងឺ COVID-19 នៅពេលកំពុងនៅដាច់ដោយឡែកត្រៀមចូលពន្ធនាគារ។
គួរបញ្ជាក់ផងដែរថា កន្លែងដែលអ្នកជំងឺធ្វើការមិនបានត្រួតពិនិត្យសីតុណ្ហភាពរបស់ភ្ញៀវទេ ហើយក៏មិនបានស្នើសុំឱ្យពួកគេប្រើមុខងារស្គេនមុនពេលចូលផឹកស៊ីនោះដែរ។
ដោយឡែកបើតាមមន្រ្តីនាយកដ្ឋានសុខាភិបាលថៃ កាលពីថ្ងៃអាទិត្យទី៦ ខែកញ្ញានេះ បានរាយការណ៍ថា ក្នុងចំណោមមនុស្ស ៩៧០នាក់មានមនុស្ស ១១៩នាក់ ត្រូវបានគេចាត់ទុកថាជាហានិភ័យខ្ពស់ ខណៈ ៨៥១នាក់ ត្រូវបានគេចាត់ទុកថាមានហានិភ័យទាប។ ប៉ុន្តែទោះយ៉ាងណាក៏ដោយបន្ទាប់ពីធ្វើតេស្តលើមនុស្សចំនួន ៥១៦ នាក់ លទ្ធផលសម្រាប់មនុស្ស ៥១៣នាក់ គឺអវិជ្ជមាន ខណៈអ្នកដែលនៅសល់កំពុងនៅតែរង់ចាំ៕ដោយ៖ស តារា