ខេត្តកំពត៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការជ្រើសរើសថ្នាក់បញ្ជាការដឹកនាំអង្គភាពបានត្រឹមត្រូវ គឺជាកត្តាធានាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារបានល្អ ដោយហេតុថា ថ្នាក់ដឹកនាំគឺជាមជ្ឈមណ្ឌលនៃការសាមគ្គី ឯកភាពផ្ទៃក្នុង និងបំផុសចលនារួម។
ការថ្លែងបែបនេះរបស់មេបញ្ជាការកងទ័ពជើងគោក បានធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងនាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងកំពត នាព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ នាយទាហាន នាយទាហានរង និងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងកំពតជាច្រើនរូប។
លោក បានបន្ថែមថា ថ្នាក់ដឹកនាំដែលទទួលបានភារកិច្ចថ្មី ត្រូវយល់ឱ្យបានច្បាស់អំពីទំហំ និងកម្រិតនៃតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន ហើយត្រូវប្រគល់ និងបែងចែកភារកិច្ចជូនថ្នាក់ក្រោមឱ្យបានច្បាស់លាស់។ ដោយឡែក ក៏ត្រូវខិតខំបំពេញការងារឱ្យបានទ្វេដង ដោយត្រូវមានគំនិតផ្តួចផ្តើម ចេះគិតគូរច្នៃប្រឌិតថ្មី ដើម្បីសម្រេចភារកិច្ច នៅក្នុងដែនកម្រិតសមស្របណាមួយ បន្ថែមលើអ្វីដែលមាននៅក្នុងបទបញ្ជា ឬផែនការ ដើម្បីឱ្យការអនុវត្តបទបញ្ជា ឬផែនការ អាចសម្រេចបានតាមគោលដៅ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយពេលខ្លះ ក៏អាចមានលទ្ធផលល្អលើសពីការរំពឹងទុកក្នុងផែនការផងដែរ។
លោកមេបញ្ជាការកងទ័ពជើងគោក បានលើកពីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ គឺស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងស្មារតីនេះ ដោយឈរលើសុឆន្ទៈ និងមនសិការស្នេហាជាតិមាតុភូមិរបស់កងកម្លាំងប្រដាប់អាវុធជាតិយើង សូមគ្រប់បណ្តាកងឯកភាពបន្តសកម្មភាព បង្កើតស្នាដៃ និងគុណសម្បត្តិបន្ថែមទៀត ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជូនប្រទេសជាតិ និងប្រជាជនរបស់យើង។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងកំពត ដែលកន្លងមកបានខិតខំបំពេញភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ដោយធានាការពារបាននូវប្រៀបការពារជាតិ ការពារបូរណភាពទឹកដី ក៏ដូចជាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនជាលំដាប់របស់តំបន់ប្រតិបត្តិការសឹករងកំពត រាប់ចាប់តាំងពីពេលបង្កើតក្នុងឆ្នាំ១៩៧៩មក ក្រោមការតស៊ូលះបង់របស់យោធិន ក៏ដូចជា មេបញ្ជាការគ្រប់ជំនាន់ ដោយសម្រេចបាននូវសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន សម្រួលដល់ការបំពេញភារកិច្ច និងជីវភាពរស់នៅរបស់កងទ័ព៕
ដោយ៖ សុខ ខេមរា