អន្តរជាតិ៖ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃដំបូង របស់ប្រទេសមីយ៉ាន់ម៉ា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញាស្អែកនេះ លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសលុបចោលយុទ្ធនាការឃោសនាបោះឆ្នោត ដោយផ្អែកលើហេតុផលទប់ស្កាត់ការរាតត្បាតCOVID-19។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ អាជ្ញាធរមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីឆ្លងCOVID-19 ថ្មី ចំនួន ៤៥ករណី។ ការរាតត្បាតនៃកូរ៉ូណាវីរុស កំពុងតែបង្កផលវិបាកដល់យុទ្ធនាការបោះឆ្នោតនៅមីយ៉ាន់ម៉ា ដែលនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៨ ខែកញ្ញា។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters និយាយថា ក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកការគាំទ្រសម្រាប់ការបោះឆ្នោតខែវិច្ឆិកា លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា និងជាទីប្រឹក្សារដ្ឋ នឹងត្រូវទៅមណ្ឌលបោះឆ្នោតមួយក្នុងទីក្រុងយ៉ាំងហ្គោនទីដែលអ្នកស្រីត្រូវការពារកៅអីសមាជិកសភា។ ប៉ុន្តែគម្រោងនេះត្រូវលុបចោលវិញ ដោយផ្អែកទៅតាមការណែនាំរបស់រដ្ឋមន្រ្តីសុខាភិបាល ដើម្បីបង្ការករណីឆ្លង COVID-19 ។
លោកស្រីស៊ូជី បានលើកឡើងនៅក្នុងបណ្ដាញសង្គម Facebook Live របស់ខ្លួន «ខណៈពេលនេះ ក្រសួងសុខាភិបាល គឺមានអំណាចបំផុត។ យើងត្រូវតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
មួយរយៈពេលចុងក្រោយនេះ ករណីឆ្លងCOVID-19 នៅមីយ៉ាន់ម៉ា នៅតែបន្តកើនឡើង និងអាចបង្អាក់ដល់ការបោះឆ្នោតថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។ កន្លងមក អ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធរបស់មីយ៉ាន់ម៉ា បានលើកឡើងថា ព័ត៌មានទាក់ទិននឹងការពន្យារពេលបោះឆ្នោត នឹងប្រកាសនៅខែតុលាខាងមុខ ពោលគឺត្រូវមើលស្ថានការណ៍ COVID-19 នៅក្នុងប្រទេសសិន។
បើគិតមកត្រឹមព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ប្រទេសមីយ៉ាន់ម៉ា មានករណីCOVID-19 សរុបចំនួន ១៤៧៤ករណី អ្នកស្លាប់មានចំនួន ៨នាក់ និងអ្នកជាសះស្បើយមានចំនួន ៣៨៥នាក់៕ដោយ៖ស តារា