ខេត្តតាកែវ៖ កាលពីរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការឆ្មក់បង្ក្រាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែង ស្ថិតនៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនស្ត្រីម្នាក់ រកឃើញគ្រឿងញៀនជាងកន្លះគីឡូក្រាម ។
ការឆ្មក់បង្ក្រាបបានទីតាំងចែកចាយគ្រឿងញៀនដ៏ធំនៅក្នុងស្រុកទ្រាំង នេះ គឺ មានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអវុធហត្ថខេត្តតាកែវនិងសម្របសម្រួលនីតិវិធីដោយលោក ទេព មុនិន្ទ ព្រះរាជអាជជ្ញារងអមសាលាដំបូងខេត្តតាកែវ ទើបឈានទៅដល់ការបង្ក្រាបទីតាំងចែកចាយនៅសារធាតុញៀនដុះស្លែនេះ បានដោយជោគជ័យ ។
លោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានអោយដឹងថា ការបង្ក្រាបទីតាំងចែកចាយសារធាតុញៀនដុះស្លែខាងលើនេះ គឺបន្ទា់ពី កម្លាំងបានទទួលដំណឹងពីភ្នាក់ងារសម្ងាត់ រួចលោកបានដឹកនាំកម្លាំងចុះលោមព័ទ្ធទីតាំង និង ឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ឈ្មោះ ប៉ាល់ ថាវ អាយុ២៣ឆ្មាំ រស់នៅភូមិឃុំកើតហេតុខាងលើ និង ដកហូតបានម្សៅក្រាមសថ្លា ចំនួន១៤កញ្ចប់ មានទម្ងន់៥០១ក្រាម ស្មើនឹងកន្លះគីឡូក្រាម ជញ្ជីងថ្លឹង២ និង ទូរស័ព្ទដៃមួយគ្រឿង ។
បើតាមចម្លើយសារភាពរបស់ស្ត្រីដែលជាជនសង្ស័យខាងលើ បានអោយដឹងថា ថ្នាំញៀនទាំងនេះមិនមែនជារបស់នាងនោះទេ គឺ ជារបស់ប្តីរបស់នាងដែលមានឈ្មោះ មេង សេងហ៊ុយ ដែលបានរត់គេចខ្លួនបាត់ បន្ទាប់ពីក្រុមសមត្ថកិច្ចបានចូលមកដល់ក្នុងផ្ទះ ។
ករណីនេះដែរ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជូនស្ត្រីជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ចេស្តា