អន្តរជាតិ៖ ក្នុងសវនាការកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះ តុលាការតួកគី បានសម្រេចកាត់ទោសជនដៃដល់ម្នាក់ ឈ្មោះAbdulkadir Masharipov ដែលជាជនជាតិអ៊ូបេគីស្ថាន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទបាញ់វាយប្រហារដោយកាំភ្លើងទៅលើក្លឹបរាត្រីមួយនៅភាគខាងជើងនៃទីក្រុងអ៊ីស្តង់ប៊ុលដែលបណ្តាលឱ្យមនុស្ស ៣៩ នាក់ស្លាប់កាលពីឆ្នាំ ២០១៧។ ដោយរយៈពេលជាប់ពន្ធនាគារមួយជីវិតនេះ ស្មើនឹងការជាប់គុក៤០ជីវិត។
ចំពោះការកាត់ទោសនេះធ្វើឡើង បន្ទាប់ពីការជំនុំជម្រះអស់រយៈពេល ៣ ឆ្នាំលើការបាញ់ប្រហារមួយនេះ ដែលបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះមុនថ្ងៃចូលឆ្នាំថ្មីឆ្នាំ២០១៧ នៅក្លឹបរាត្រីមួយឈ្មោះ Reina ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
ក្នុងអំឡុងពេលសវនាការខាងលើនេះ លោក Masharipov ដែលជាជនដៃដល់នោះ ត្រូវបានកាត់ទោសពីបទឃាតកម្មដោយចេតនា និងការរំលោភបំពានរដ្ឋធម្មនុញ្ញ ហើយនឹងមិនមានសិទ្ធិទទួលបានការដោះលែងនោះទេ។ លើសពីនេះទៅទៀត បុរសរូបនេះក៏បានទទួលទោសបន្ថែមចំនួន១៣៦៨ ឆ្នាំទៀតពីបទប៉ុនប៉ងធ្វើឃាតមនុស្ស ៧៩ នាក់ដែលបានរងរបួសក្នុងការវាយប្រហារ និងពីបទកាន់កាប់អាវុធដោយគ្មានអាជ្ញាបណ្ណផងដែរ។
បើតាមទីភ្នាក់ងារព័ត៌មានតួកគី Anadolu បានចេញផ្សាយថា ពលរដ្ឋអ៊ីស្រាអែល បារាំង ទុយនេស៊ី លីបង់ ឥណ្ឌា បែលហ្ស៊ិក ហ្ស៊កដានី និងអារ៉ាប់ប៊ីសាអូឌីត ស្ថិតក្នុងចំណោមជនរងគ្រោះដល់ជីវិត ហើយមនុស្សរាប់សិបនាក់បានរងរបួស។ ចំណែកក្រុមរដ្ឋឥស្លាម (IS) បាននិយាយថា ខ្លួនជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ដោយឡែកបុរសម្នាក់ទៀតដែលមានឈ្មោះថា Ilyas Mamasaripov ក៏ត្រូវបានកាត់ទោសឱ្យជាប់គុកជាង ១៤០០ ឆ្នាំផងដែរពីបទជួយរៀបចំគំរោងក្នុងការបាញ់ប្រហារដ៏សាហាវនេះ។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកតួកគីខាងលើ បានរាយការណ៍ថា ជនជាប់ចោទចំនួន ៤៨ នាក់ត្រូវបានកាត់ទោសឱ្យជាប់គុកដោយសារពួកគេជាសមាជិកនៃអង្គការភេរវកម្ម ហើយ ១១ នាក់ទៀតត្រូវបានដោះលែង៕ដោយ៖ស តារា