ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅសាលាខេត្តពោធិ៍សាត់។
បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់រួចមក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះពិនិត្យកងកម្លាំងអន្តរាគមន៍ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ផងដែរ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ស ថេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ៕
ដោយ៖ សុខ ខេមរា