អន្តរជាតិ៖ ទីបំផុត លោក យូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) ដែលជាមនុស្សជំនិតលោក ស៊ិនហ្សូ អាបេ បច្ចុប្បន្នកាន់តំណែងប្រធានលេខាធិការគណៈរដ្ឋមន្ត្រី ពេលនេះបានជាប់ឆ្នោតក្លាយជាប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាច និងឈានទៅកាន់តំណែងនាយករដ្ឋមន្ត្រីបន្តពីលោក ស៊ិនហ្សូ អាបេ ។
ជាក់ស្តែង នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក យូស៊ីហ៊ីដេ ស៊ូហ្កា ទទួលបានសំឡេងបោះឆ្នោតគាំទ្រច្រើនលើសលប់ក្នុងការបោះឆ្នោតបក្សកាន់អំណាច ដោយឈ្នះលើគូប្រជែង២នាក់ រួមមាន អតីតរដ្ឋមន្ត្រីការពារជាតិ ស៊ីហ្កេរូ អ៊ីស៊ីបា និងអតីតរដ្ឋមន្ត្រីការបរទេស ហ្វូមីអ៊ូ គីស៊ីដា ។
បើតាមយោងតាមទូរទស្សន៍ជប៉ុន NHK លោក ស៊ូហ្កា ទទួលបានសំឡេងបោះឆ្នោតគាំទ្រសរុប ៣៧៧ សំឡេង ពីតំណាងរាស្រ្តបក្សកាន់អំណាច និងតំណាងបក្សមកពីបណ្ដាខេត្តនៃប្រទេសជប៉ុន។ ចំណែក លោក អ៊ីស៊ីបា ទទួលសំឡេងគាំទ្រ ៦៨ សំឡេង ខណៈលោក គីស៊ីដា ទទួលសំឡេងគំាទ្រ ៨៩ សំឡេង។ ជាមួយនឹងជោគជ័យក្នុងការប្រកួតប្រជែងផ្ទៃក្នុងបក្សកាន់អំណាចនេះ លោក ស៊ូហ្កា នឹងក្លាយជានាយករដ្ឋមន្រ្តីជំនួសលោក ស៊ិនហ្សូ អាបេ ផងដែរក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីការបោះឆ្នោតសភា នាថ្ងៃទី ១៦ ខែកញ្ញាព្រោះបក្ស LDP មានសំឡេងគ្រប់គ្រាន់ស្រាប់ក្នុងសភាជាន់ទាបរបស់ជប៉ុន។
បើតាមលោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់ជប៉ុន ក៏ធ្លាប់បានបញ្ជាក់កាលពីខែមុនថា៖ បើជាប់ដូចការគ្រោងទុកលោក ស៊ូហ្កា នឹងបន្តដឹកនាំរហូតដល់ខែកញ្ញា ឆ្នាំ២០២១ ។ ដោយលោកនឹងចុះចេញពីតំណែងដោយលើកមូលហេតុសុខភាព។
ជាមួយគ្នានេះ លោកស៊ូហ្កា ក៏បានប្តេជ្ញាទប់ទល់បញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 ដោះស្រាយវិបត្តិសេដ្ឋកិច្ចជប៉ុន ព្រមទាំងបញ្ហាយូរឆ្នាំរបស់ប្រទេសនេះ ដូចជា វិបត្តិចាស់ជរា និងអត្រាកំណើតទាប ជាដើម។ ព្រោះកន្លងមកលោក ស៊ូហ្កាធ្លាប់អះអាងថា លោកនឹងបន្តដឹកនាំយុទ្ធសាស្រ្តសេដ្ឋកិច្ច «Abenomics» របស់លោកនាយករដ្ឋមន្ត្រី អាបេ និងគោលនយោបាយសំខាន់ៗរបស់រដ្ឋបាលលោកផងដែរ។
លោក ស៊ូហ្កា ទោះបីមានបទពិសោធតិចតួចខាងផ្នែកការទូត អាចប្រឈមនឹងបញ្ហាភូមិសាស្រ្តនយោបាយ ដូចជា៖ ការកសាងចំណងទាក់ទងជាមួយអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី ៣ ខែវិច្ឆិកា និងបញ្ហាសន្តិសុខលំហសមុទ្រដែលបង្កឡើងដោយចិនជាដើម។
គួរបញ្ជាក់ថា លោក ស៊ូហ្កា កើតក្នុងត្រកូលកសិករដាំផ្លែឈើមួយក្នុងភាគខាងជើងនៃប្រទេសជប៉ុន ។ លោកបានចាប់ផ្ដើមប្រលូកក្នុងជីវិតនយោបាយជាតំណាងរាស្រ្ត ។ ចាប់តាំងពីឆ្នាំ២០១២ លោក ស៊ូហ្កា ទទួលទំនុកចិត្តពីលោកអាបេ ហើយតែងតាំងឲ្យកាន់តំណែងជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាល៕ដោយ៖ស តារា