ភ្នំពេញ៖កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់អោយចាប់ខ្លួននិងឃុំខ្លួនលោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានមន្ទីរសភាពាណិជ្ជកម្មខេត្តកែប កំពត និង តាកែវ ព្រមទាំងកូនប្រុស ពាក់ព័ន្ធបទល្មើសឆបោកប្រាក់អ្នកដទៃចំនួន១៥,០០០ដុល្លារអាមេរិក ។
នេះបើយោងតាមឯកសារជាច្រើនដែល ទើបទទួលបាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ។
ដីកាបង្គាប់អោយចាប់ខ្លួននិងឃុំខ្លួនលោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានមន្ទីរសភាពាណិជ្ជកម្មខេត្តកែប កំពត និង តាកែវ ព្រមទាំងកូនប្រុស នាពេលនេះ ធ្វើឡើងក្រោយពីតុលាការកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសសាលក្រមកំបាំងមុខមួយ ដោយសម្រេចផ្តន្តាទោស លោកឧកញ៉ា ហាក់ សុវណ្ណា និង កូនប្រុសឈ្មោះ ហាក់ ឈុនឌី ដាក់ពន្ធនាគារម្នាក់ៗចំនួន២ឆ្នាំ និង បង្គាប់អោយសងប្រាក់ចំនួន៦០លានរៀល ទៅដើមបណ្តឹង ពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ តាមមាត្រា៣៧៧និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
ពាក់ព័ន្ធបញ្ហានេះ ដើមបណ្តឹង គឺ លោក ស៊ុន សេងហ៊ាង ថ្លែងប្រាប់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ឈ្មោះ ហាក់ សុវណ្ណា បានអះអាងថា កាស៊ីណូឈ្មោះ SOI DAI VAS មានច្បាប់អនុញ្ញាតត្រឹមត្រូវដែលមានទីតាំងស្ថិតនៅភូមិតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាកម្មសិទ្ធិរបស់ខ្លួន និង បើកដំណើរការយ៉ាងយូរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ដោយអោយឈ្មោះ ហាក់ ឈុនឌី ជាកូនប្រុសជាអ្នកមើលការខុសត្រូវកាស៊ីណូ នេះ ។
លោក ស៊ុន សេងហ៊ាង ក្នុងនាមជាដើមបណ្តឹង បន្តថា ដោយជឿជាក់លើការអះអាងរបស់ឈ្មោះ ហាក់ សុវណ្ណា ទើបគាត់បានប្រគល់ប្រាក់ចំនួន១៥,០០០ដុល្លារអាមេរិក អោយទៅឈ្មោះ ហាក់ ឈុនឌី ដើម្បីរកស៊ីដាក់ទូរបាញ់ត្រីនៅក្នុងកាស៊ីណូ តាមការសន្យា ។ ប៉ុន្តែ ក្រោយពីបានទទួលប្រាក់ចំនួន១៥,០០០ដុល្លារ រួចមក ឈ្មោះ ហាក់ សុវណ្ណា និង កូនប្រុសឈ្មោះ ហាក់ ឈុនឌី បាត់ដំណឹងរហូត ។ ចំណែកកាស៊ីណូ ក៏មិនមានច្បាប់និងមិនបានដំណើរការ ដែរ ៕
ដោយ៖ចេស្តា