ដើម្បី​ទប់ស្កាត់ COVID-19 រដ្ឋធានី​ហ្សា​ការ​តា សម្រេចបិទក្រុង​ម្ដងទៀត​ ប៉ុន្តែមិន​តឹងរ៉ឹង​ដូច​មុន

ចែករំលែក៖

​អន្តរជាតិ៖ បន្ទាប់ពី​ករណី​ឆ្លង​COVID-19 បាន​កើនឡើងយ៉ាងគំហុកសារ​ជាថ្មី​ អាជ្ញាធរទីក្រុង​ហ្សា​ការ​តា នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី​១៤ ខែកញ្ញាម្សិលមិញនេះ បាន​សម្រេចបិទ​ក្រុងជា​លើក​ទី​ពីរ ។ ប៉ុន្តែ​ការបិទ​ក្រុង​ដែលមាន​រយៈពេល ២​សប្តាហ៍​នេះ គឺមាន​កម្រិត​ស្រាល​ជាងការបិទ​ក្រុង​កាលពី​លើក​ទី​១ ដែល​បានចាប់ផ្តើម​កាលពី​ខែមេសា ឆ្នាំ២០២០​កន្លងទៅ​។

​បើយោងតាមរាយការណ៍​របស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី  បានប្រកាសថា៖ មាន​ករណី​ឆ្លង​COVID-19 កើន​លើស ៣​ពាន់​ករណី​ក្នុង​រយៈពេល ៦​ថ្ងៃ​ជាប់​គ្នា​។ ជាក់ស្តែងនៅ​ថ្ងៃទី​១៣ ខែកញ្ញា ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​ចំនួន ៣៦៣៦​ករណី និង​អ្នកស្លាប់​ចំនួន ៧៣​នាក់​។ដើម្បី​ទប់ស្កាត់​ការកើនឡើង​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ ឥណ្ឌូណេស៊ី ត្រូវតែ​រឹតត្បិត​នៅក្នុង​ទីក្រុង​ជា​លើក​ទី​២​។

​ដោយឡែកអភិបាលក្រុង​នៅ​ថ្ងៃទី​១៣ ខែកញ្ញា​កន្លងទៅ លោក ក៏បានប្រកាស​ថា ទីក្រុង​ហ្សា​ការ​តា ចាំបាច់​ត្រូវតែ​ដាក់​ការ​រឹតត្បិត ដើម្បី​ទប់ស្កាត់​ការកើនឡើង​ករណី​ឆ្លង​។ ដោយ​មានការ​ត្អូញត្អែរ និង​ពាក្យរិះគន់​ជុំវិញ​ការ​រឹតត្បិត​កន្លងមក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង ទីក្រុង​ហ្សា​ការ​តា បានសម្រេច​បន្ធូរបន្ថយ​ខ្លះ ក្នុងការ​រឹតត្បិត​លើក​ទី​ពីរ​នេះ​។

​តាមរយៈ​វិធានការ​ថ្មី និង​ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច ដែល​កំពុង​រងគ្រោះ​ផង​នោះ អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ឬ​ជំនួញ ដែល​មិនសូវ​សំខាន់ដំណើរការ​ដដែល ប៉ុន្តែ​បុគ្គលិក​ចំនួន ២៥​ភាគរយ ត្រូវធ្វើ​ការ​ពី​ផ្ទះ​។ ប៉ុន្តែចំពោះការ​រឹតត្បិត​ក្នុង​ទីក្រុង​ហ្សា​ការ​តា ត្រូវបាន​ធ្វើឡើង​ជាថ្មី ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ ខែកញ្ញា និង​មាន​រយៈពេល​ពីរ​សប្តាហ៍​។ ប៉ុន្តែ​ការ​រឹតត្បិត​ថ្មី​នេះ គឺ​ស្រាល​ជាង​មុន បើ​ធៀប​នឹង​ការ​រឹតត្បិត​ក្នុង​ទីក្រុង​កាលពី​ខែមេសា​កន្លងទៅ​។

បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​Straits Times​ បាននិយាយថា ទន្ទឹមនឹងនេះ ទីកន្លែង​សាសនា ដែល​ស្ថិតនៅក្នុង​តំបន់​មាន​កម្រិត​គ្រោះ​ថ្នាក់ទាប អាច​បើក​ដំណើរការបាន​ប៉ុន្តែ​អនុញ្ញាត​ឲ្យ​មនុស្ស​ចូលរួម​តែ ៥០​ភាគរយ​ប៉ុណ្ណោះ ស្របពេល​ផ្សារ​ទំនើប ផ្សារ​លក់ទំនិញ អាច​បន្ត​បើក​ដដែល ដោយ​គោរព​តាម​វិធាន​សុខាភិបាល​។ ចំណែក​រថយន្ត​តាក់ស៊ី ក៏​អាច​បន្ត​ដឹក​ភ្ញៀវ​បានដែរ​។ ដោយឡែក​អាហារ​ដ្ឋា​ន នៅតែ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរិភោគ​នៅក្នុង​ហាង​ឡើយ ខណៈ​រោងភាពយន្ត​នៅតែ​បន្ត​បិទ​ដដែល​។ ពិធី​រៀបការ​តូចៗ ដែលមាន​មនុស្ស​ចូលរួម​តិចត្រូវ​អនុញ្ញាត​។ សាលារៀន កន្លែង​លេង​កីឡា កន្លែង​កម្សាន្ត ក៏​បិទ​។ រីឯ​សេវា​ដឹកជញ្ជូន​សាធារណ​អាច​បើក​បាន ប៉ុន្តែ​តម្រូវ​ឲ្យ​ដឹក​មនុស្ស​តែ៥០​ភាគរយ​ប៉ុណ្ណោះ​។

​សូមជម្រាបថា បើតាមការពិតទៅ ការកើនឡើង​ករណី​ឆ្លង​COVID-19 តំបន់​នានា​នៅ​ឥណ្ឌូណេស៊ី ក៏ដូចជា​ក្នុង​ទីក្រុង​ហ្សា​ការ​តា គឺ​ដោយសារ​មិនមាន​ការចូលរួម​ពី​ប្រជាជន ដូចជា​ការមិន​ពាក់​ម៉ាស់ ការរក្សា​គម្លាត​សុវត្ថិភាព​ជាដើម​។ សម្រាប់​ប្រជាជន​រស់នៅក្នុង​ទីក្រុង​ហ្សា​ការ​តា អ្នក​ដែល​មិន​ពាក់​ម៉ាស់ នឹងរង​ពិន័យ​ប្រមាណ ១៦​ដុល្លារ ហើយនឹង​ត្រូវ​ពិន័យ​ទ្វេដង ប្រសិនបើ​នៅតែ​ប្រព្រឹត្ត​កំហុស​ដដែលៗ​។

ជាមួយគ្នានេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក៏បាន​ព្រមាន​ពី​ការប្រើប្រាស់​កម្លាំង​ទ័ព​និង​ប៉ូលីស​ ដើម្បី​បង្ខំ​ប្រជាជន​ឲ្យ​គោរព​ផងដែរ​។ បើគិតចាប់ពី​ថ្ងៃទី​៤ ខែមិថុនា​កន្លងមក ទីក្រុង​ហ្សា​ការ​តា បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ម្តង​ហើយ បន្ទាប់ពី​ករណី​ឆ្លង​ធ្លាក់ចុះ និង​ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​។ ករណី​សរុប​COVID-19 របស់​ឥណ្ឌូណេស៊ី មាន​ចំនួន ២១៨៣៨២​ករណី និង​អ្នកស្លាប់ ៨៧២៣​នាក់​។ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ១៥៥០១០៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print