ហេតុ​អ្វី​គ្រាន់​តែលេខទូរស័ព្ទឈប់ប្រើសោះ​​ជនអនាមិកអាចលួចចូលប្រើប្រាស់គណនីអ៊ីនធឺណេតបាន?

ចែករំលែក៖

ភ្នំពេញ៖ ហេតុ​អ្វី​គ្រាន់​តែលេខទូរស័ព្ទឈប់ប្រើសោះ​​ជនអនាមិកអាចលួចចូលប្រើប្រាស់គណនីអ៊ីនធឺណេតបាន? (ដូចជា​៖ គណនី​ Facebook, Telegram, Gmail, Domain Hosting ។ល។)

នាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ កន្លងមកពុកម៉ែបងប្អូនមួយចំនួនធំ បានសាកសួរមកកាន់ក្រុមការងារបច្ចេកទេស នូវសំនួរមួយចំនួនថា៖

– ហេតុអ្វីគណនីរបស់ពួកគាត់ត្រូវបានជនអនាមិកជ្រៀតចូលបាន?
– ហេតុអ្វីព័ត៌មាន ឬសារសម្ងាត់របស់ពួកគាត់លេចធ្លាយ?

ថ្ងៃនេះក្រុមការងារសូមលើកយកបច្ចេកទេសមួយ ដែលជនខិលខូចបានប្រើដើម្បីធ្វើការលួចយក ឬកាន់កាប់គណនីពុកម៉ែបងប្អូន ប្រើប្រាស់វិធីសាស្ត្រ ដូចខាងក្រោម៖

– ពុកម៉ែបងប្អូនពុំបានធ្វើការផ្លាស់ប្តូរព័ត៌មានគណនី ពិសេសលេខទូរស័ព្ទឈប់ប្រើ ដែលលេខទូរស័ព្ទនោះត្រូវបានក្រុមហ៊ុនកាត់ប្រព័ន្ធ និងធ្វើការដាក់លក់ឡើងវិញ

– ជនខិលខូចបានទិញលេខទូរស័ព្ទខាងលើ ហើយធ្វើការបង្កើត ឬស្នើសុំផ្លាស់ប្តូរលេខសម្ងាត់គណនីអ៊ីនធឺណេត (ឧទាហរណ៍៖ Facebook Telegram Gmail Domain Hosting ។ល។) និងធ្វើការគ្រប់គ្រងគណនីទាំងនោះតែម្តង

– បន្ទាប់ពីទទួលបានសិទ្ធិគ្រប់គ្រង ជនខិលខូចទាំងនោះនឹងស្វែងរកព័ត៌មានសម្ងាត់ផ្សេងៗ រួចធ្វើការចែកចាយ ឬគម្រាមទារប្រាក់ពីជនរងគ្រោះជាដើម។

ដើម្បីការពារពីបញ្ហាខាងលើ សូមពុកម៉ែបងប្អូន អនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
– ធ្វើការកំណត់លេខសម្ងាត់ 2FA បន្ថែមលើការផ្ទៀងផ្ទាត់លើលេខទូរស័ព្ទតែម្យ៉ាង តួរយ៉ាងក្នុងកម្មវិធី Telegram -> Setting -> Privacy and Security -> Two-Step Verification។ ចំនែកកម្មវិធី Facebook -> Settings & Privacy -> Settings -> Security and Login -> Two-Factor Authentication -> Authentication App (អាចលុប 2FA តាមលេខទូរស័ព្ទ)

– ចំពោះគណនីអ៊ីម៉ែល តួរយ៉ាង Gmail លោកអ្នកអាចធ្វើការកំណត់ការប្តូរលេខសម្ងាត់តាមរយ:មធ្យោបាយផ្សេង ក្រៅពីប្រើប្រាស់លេខទូរស័ព្ទ ជំនួសដោយការប្រើប្រាស់គណនីអ៊ីម៉ែលផ្សេងមួយទៀតជំនួស។ល។

– សូមធ្វើការចុះឈ្មោះប្រើប្រាស់ស៊ីមកាត ដោយប្រើប្រាស់អត្តសញ្ញាណត្រឹមត្រូវ ដើម្បីងាយស្រួលរាយការណ៍ករណីបាត់ ឬស្នើសុំសិទ្ធិប្រើប្រាស់ផ្សេងៗ

– ក្នុងករណីលោកអ្នកចង់ប្រើប្រាស់លេខទូរស័ព្ទក្នុងការកំណត់សុវត្ថិភាពផ្សេងៗ សូមធ្វើការផ្លាស់ប្តូរភ្លាមៗនៅពេលដែលលេខទូរស័ព្ទទាំងនោះឈប់ប្រើប្រាស់

– ធ្វើការរាយការណ៍ជូនសមត្ថកិច្ចក្នុងករណីទទួលបានសារគម្រាម ស្តីពីព័ត៌មាន ឬសារសម្ងាត់នៃគណនីអ៊ីនធឺណេតរបស់លោកអ្នក៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print