ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ លោក លន់ លឹមថៃ តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និងលោកស្រី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៤ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យទៅប្រគេន ដល់វត្តបភាវត្យារាមគគរ ស្ថិតក្នុងឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ លោក លន់ លឹមថៃ និងលោកជំទាវបានឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ជីដូនជីតា មាតាបិតា ញាតិសន្តាន ឥស្សរជន វីរជន យុទ្ធជន អ្នកស្នេហាជាតិ ដែលបានធ្វើមរណកាលទៅហើយ សូមបានប្រកបតែវិបុលសុខក្នុងឋានបរមលោកកុំបីឃ្លៀងឃ្លាតឡើយ ។
បន្ទាប់មក លោក លន់ លឹមថៃ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត បានចូលរួមបច្ច័យបុណ្យកាន់បិណ្ឌវេនទី១៤ ដល់វត្តបភាវត្យារាមគគរ ចំនួន១០០ ដុល្លារ ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្ត និងលោកយាយ លោកតា ៣០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១មុឺនរៀល ប៉ូលីស៥នាក់ ក្នុងម្នាក់ៗថវិកា ២មុឺនរៀល ក្រុមប្រឹក្សាឃុំ ៥នាក់ ម្នាក់ៗថវិកា ៤មុឺនរៀល ប្រជាពលរដ្ឋក្រីក្រ ៨នាក់ ក្នុងម្នាក់ៗថវិកា ៤មុឺនរៀល និងប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ៥០មុឺនរៀល សម្រាប់ប្រើប្រាស់ក្នុងវត្តនេះផងដែរ៕
ដោយ៖ សិលា