រថយន្តម៉ាក ESCALADE EXT បើកមិនប្រកាន់ស្ដាំបុកម៉ូតូបើកបញ្ច្រាសគ្នាស្លាប់ម្នាក់របួសធ្ងន់២នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀងះ បុរសម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តម៉ាក ESCALADE EXT ដែលបើកមិនប្រកាន់ស្ដាំទៅបុកម៉ូតូដែលបើកបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៦និង៥២នាទីព្រលប់ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២០លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ថន សាក់ អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ដ
និងអ្នករួមដំណើរឈ្មោះ ពេជ្រ អិត ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ និងឈ្មោះ កែវ សុម៉ាវតី ភេទស្រី អាយុ ៨ ឆ្នាំ មុខរបរសិស្ស អ្នកទាំង៣រស់នៅភូមិ សង្រ្គោះ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

ប្រភពបន្តថា ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់បន្សល់តែ
រថយន្តម៉ាក ESCALADE EXT ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២O-៨១១១ នៅនិឹងកន្លែង។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកESCALADE EXTពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២O-៨១១១ បើកក្នុងទិសដៅពីកើតទៅលិចមិនប្រកាន់ស្ដាំបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I- ៧០២៦ជិះគ្នា៣នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើតយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។
សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ។

ចំណែកអ្នករបួស២នាក់ទៀតត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ចំពោះមធ្យោបាយរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែងរួចហើយអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print