ខេត្តបន្ទាយមានជ័យ៖ នាព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ អង្គភាពទ័ពចំនួនពីរចំណុះអោយកងពលតូចថ្មើជើងលេខ៥១ គឺវរសេនាតូចថ្មើរជើងលេខ៥១៣ និងវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្ធពិធីប្រោសព្រំលើករាសី និងសូមសេចក្តីសុខដល់កងកម្លាំងរបស់ខ្លួនដែលបានជាប់ប្រចាំការឈរជើងត្រៀមការពារតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងពិធីនោះ បាននិមន្តព្រះចៅអធិការវត្ត ចំនួន៣អង្គ ព្រមទាំងព្រះសង្ឃជាច្រើនអង្គបាននិមន្តមកប្រោះព្រំ ជូននាយ-ពលទាហាន និងក្រុមគ្រួសារកងទ័ពក្នុងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ និងវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើងនៅជិតខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងពេលបញ្ចប់ពិធីបុណ្យភ្ជំបិណ្ឌ ដោយបាននាំយកនូវ គ្រឿងឧបភោគបរិភោគមាន នំអន្សម ទឹកក្រូច ថវិកាមួយចំនួន និងបានឧទ្ទិសកុសលផលបុណ្យ ជូនដល់វីរកងទ័ពដែលបាត់បង់ជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ញាតិការទាំងប្រាំពីរសណ្តាន និងសុំសេចក្ដីសុខ សេចក្ដីចម្រើន ដល់កងទ័ព។
ក្នុងឱកាសនោះដែរព្រះតេជគុណព្រះចៅអធិការ មានថេរ:ដីការកោតសរសើរដល់កងទ័ពដែលមានភាពអង់អាចក្លាហានឈរលើកតព្វកិច្ចការពារជាតិ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងមនុស្សធម៌ ពិសេសបានចូលរួមសហការ ការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងពិធីផ្សេងៗ ដោយប្តេជ្ញារក្សាការពារនូវ បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានគង់វង្សជារៀងរហូត៕
ដោយ៖ សិលា