ភ្នំពេញ៖ ចោរដែលបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ «មហារុងរឿង» ទៅគោះទ្វារបន្ទប់សុំសោររថយន្ត រួចលួចយកទៅបាត់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅកោះពេជ្រ រាជធានីភ្នំពេញ ។ នេះបើតាមការបង្ហើបរបស់សមត្ថកិច្ច ។
សូមបញ្ជាក់ថា ហេតុការណ៍លួចឡាននេះបានកើតឡើងនៅវេលាម៉ោងចន្លោះប្រហែល៩ដល់ម៉ោង១១យប់ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ត្រង់ចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
រថយន្តដែលបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ ។
នៅពេលវេលាកើតហតុ គឺ មានជនសង្ស័យម្នាក់ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារ យកសោរឡានថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏យកទៅបាត់តែម្ដងទៅ ។ លុះដល់វេលាម៉ោង២៣៖១០នាទី ទើបដឹងថា បាត់រថយន្ត នាំអោយមានការឆោឡោ ឡើង ។
ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីអោយសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយ៖ចេស្តា