ភ្នំពេញ៖ជនជាតិចិនមួយក្រុម បានជួលទូកទេសចរណ៍មួយឈ្មោះ «បារីស ឡឺ មេគង្គ» ជិះកម្សាន្តលេង តែបណ្តាលអោយជនជាតិចិនធ្លាក់ម្នាក់ចូលទន្លេ ដោយមិនទាន់ដឹងស្លាប់ឬរស់ នៅឡើយទេ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០៖២០នាទី យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មុខព្រះបរមរាជវាំង ក្នុងទន្លេមេគង្គ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ បានអោយដឹងថា ៖ ជនជាតិចិនមួយក្រុមបានមកជួលទូកទេសចរណ៍មួយគ្រឿង ដើម្បីជិះកម្សាន្តលេងនិងផឹកស៊ីសប្បាយ ។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានបុរសជនជាតិចិនម្នាក់បានធ្លាក់ពីលើទូកជាន់ទី២ ចូលទៅក្នុងទឹកទន្លេលិចបាត់តែម្តង ទើបមានការភ្ញាក់ផ្អើលនាំគ្នារាយការណ៍ទៅសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ផងដែរ។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ មិនទាន់ដឹងថា បុរសជនជាតិចិននោះ ស្លាប់ឬរស់ នៅឡើយទេ ដោយអាជ្ញាធរកំពុងតាមរកហើយ តែមិនទាន់ឃើញនៅឡើយ។ ពេលធ្លាក់នោះ គឺមានការជួយអន្តរាគមន៍ពី អាជ្ញាធរ សមត្ថកិច្ចទាំងយប់ ហើយក៏មិនដឹងពីមូលហេតុច្បាស់ ថាតើជនជាតិចិននោះ គាត់ស្រវឹង ឬដើរភ្លាត់ជើងធ្លាក់ពីលើទូក ឬដោយហេតុការណ៍ឱ្យពិតប្រាកដនៅឡើយ៕
ដោយ៖ ចេស្តា