អ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍ អះអាងថា៖ ប្រទេសតូចៗមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងឈរខាងសហរដ្ឋអាមេរិកប្រឆាំងនឹងចិន បើសិនសង្រ្គាមផ្ទុះឡើង

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមអ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍មកពីវិទ្យាសា្ថនក្រុមប្រឹក្សាទំនាក់ទំនងការបរទេស (Council on Foreign Relations) គឺលោក Joshua Kurlantzick បានយល់ឃើញថា៖ ខណៈដែលភាពតានតឹង និងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិន កាន់តែមានសភាពពុះកញ្រ្ជោលឡើង ដោយបង្កឱ្យអ្នកជំនាញខ្លះបារម្ភខា្លចក្រែង ជម្លោះប្រដាប់អាវុធ ឬសង្គ្រាមអាចនឹងផ្ទុះឡើងដោយជៀសមិនរួចនៅថ្ងៃណាមួយ ហើយអាចនឹងបង្ខំឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវសម្រេចចិត្តជ្រើសរើសថាត្រូវឈរនៅ ខាងចិន ឬសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពព័ត៍មានពី South China Morning Post បានចេញផ្សាយ

អ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍រូបនេះ បានបញ្ជាក់ថា បើសិនជាសង្រ្គាមរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ផ្ទុះឡើងដោយជៀសមិនរួចនោះ គឺបណ្ដាប្រទេសតូចៗ ជាពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មានដូចជា៖ ថៃ ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី នឹងពិបាកក្នុងការរក្សាជំហរអព្យាក្រឹត ដោយសារតែទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ពួកគេស្ថិតនៅចំចំណុចកណ្ដាលនៃការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិន ។ហើយវាជាការពិតណាស់ លទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានមជ្ឈដ្ឋានភាគច្រើនយល់ថាវាមិនអាចកើតឡើងក្នុងពេលបច្ចុប្បន្ន ឬអនាគតដ៏ខ្លីខាងមុខ។

បន្ថែមពីនេះ លោក Joshua Kurlantzick បានគូសបញ្ជាក់ថា៖ ប្រទេសម៉ាឡេស៊ី, ហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលកំពុងមានជម្លោះដែនទឹកស្រាប់ជាមួយចិន អាចនឹងស្នើសុំអន្តរាគមន៍ពីសហរដ្ឋអាមេរិក ក្នុងករណី មើលឃើញថាផលប្រយោជន៍តាមផ្លូវចរចារបស់ពួកគេរងការគំរាមកំហែងពីចិន។ ចំណែកឯ សិង្ហបុរី និងថៃ រួមទាំងបណ្ដាប្រទេសដទៃក្នុងតំបន់ ដំបូងអាចនឹងប្រកាសជំហរអព្យាក្រឹត គឺអាស្រ័យទៅលើហេតុផលនៃការផ្ទុះសង្រ្គាម និងទំហំនៃផលប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងន័យខាងលើនេះ លោក Joshua Kurlantzick ពន្យល់ថាប្រទេសទាំងនេះនឹងរង់ចាំមើលសិន ថាតើសង្រ្គាមនឹងផ្ទុះឡើងតែនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ឬក៏យ៉ាងណា? ហើយបើសង្រ្គាមរាលដាលកាន់តែធំរហូតដល់ប៉ះពាល់ដល់ប្រយោជន៍ ឬដែនទឹករបស់ខ្លួន នោះពួកគេ អាចនឹងឈរនៅខាងសហរដ្ឋអាមេរិក ដោយសារតែកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាសម្ព័ន្ធមិត្តដែលមានស្រាប់ជាមួយទីក្រុងវ៉ាស៊ីនតោន។

យ៉ាងណាមិញ ជុំវិញបញ្ហានេះផ្ទុយពីលោក Joshua Kurlantzick អ្នកជំនាញយោធាម្នាក់ទៀត គឺលោក Max Montero យល់ថាទាំងសហរដ្ឋអាមេរិក និងចិន ដឹងយ៉ាងច្បាស់ពីទំហំខូចខាតនៃសង្រ្គាម ដូច្នេះ មហាអំណាចទាំង២ អាចនឹងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងក្នុងពេលឆាប់ៗនេះ ពីព្រោះជម្លោះ ឬភាពតានតឹងបច្ចុប្បន្នគ្រាន់តែជាផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះលោក Max Montero បានសង្កត់ធ្ងន់ថា៖ «ខណៈការបោះឆ្នោតប្រធានាធិបតីកាន់តែខិតជិតចូលមកដល់ លោកប្រធានាធិបតីដូណាល់ ត្រាំ កំពុងប្រើប្រាស់ភាពតានតឹងជាមួយចិន ដើម្បី ប្រយោជន៍នយោបាយរបស់លោក។ ចំណែកឯ ប្រធានាធិបតីចិន លោក ស៊ីជិងពីងវិញ ក៏ដូចគ្នាដែរ គឺលោកកំពុងប្រើប្រាស់ការប្រឈមមុខដាក់គ្នាជាមួយអាមេរិក ដើម្បីបង្វែរ ការចាប់អារម្មណ៍ពីប្រជាជនចិន ពីបញ្ហាសេដ្ឋកិច្ច ព្រមទាំងបង្រ្កាបគំនិតប្រឆាំងនឹងរូបលោក នៅក្នុងគណបក្សកុម្មុយនិស្ដចិន»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print