បន្តនីតិវិធីដល់សាលាឧទ្ធរណ៍ ហើយ សំណុំរឿង ដីសាធារណៈតាំងពីបរមបុរាណ បែរជាបុគ្គលមានលុយ មានអំណាច អាចធ្វើប្លង់រឹងរំលោភយកបាន នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ ពេលនេះ សំណុំរឿងដីសាធារណៈតាំងពីបរមបុរាណ បែរជាបុគ្គលមានលុយ មានអំណាច អាចធ្វើប្លង់រឹងរំលោភយកបាន នៅក្រុងតាខ្មៅ នោះ ពេលនេះ បានបន្តនីតិវិធីដល់សាលាឧទ្ធរណ៍ ហើយ ដែលគ្រោងបើកសវនាការជំនុំជម្រះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ស្អែកនេះ ។ នេះបើយោងតាមដីកាកោះ ដែលទើបទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

សវនាការនាពេលនេះ គឺ មានលោក ប៉ុល សំអឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីជំនុំជម្រះលើបណ្តឹងជំទាស់នឹងដីកាសម្រេច របស់លោក ប្លង់ វិសាល ចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ។

ទន្ទឹមនេះ ប្រជាពលរដ្ឋដែលធ្លាប់តវ៉ាបញ្ហានេះ សំណូមពរអោយសាលាឧទ្ធរណ៍ តម្កល់ការសម្រេចរបស់តុលាការខេត្តកណ្តាល ទុកជាបានការដដែល ពោលគឺ រង់ចាំនីតិវិធីបន្តទៀត ។

គួររំលឹកថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានបញ្ជាក់ច្បាស់ៗថា អស់ជំនឿលើអាជ្ញាធរមូលដ្ឋាន ហើយ តាំងពីថ្នាក់ភូមិ ថ្នាក់សង្កាត់ ថ្នាក់ក្រុង និង ខេត្តកណ្តាល ដែលមិនអាចហាមឃាត់បុគ្គលមានលុយ មានអំណាច ធ្វើប្លង់រឹងរំលោភលើផ្លូវសាធារណៈតាំងពីបរមបុរាណ បាន ដោយស្នើអោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ ផង ។

ប្រជាពលរដ្ឋ បានអះអាងបែបនេះ ខណៈប្រមូលផ្តុំគ្នាតវ៉ាសាជាថ្មី នៅចំណុចខាងជើងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលកន្លងទៅ ។

ក្នុងកិច្ចសម្ភាស៍ , ប្រជាពលរដ្ឋជាច្រើននាក់ អះអាងដូចៗគ្នា ថា ពួកគាត់ចង់បានតែផ្លូវសាធារណៈ មកវិញប៉ុណ្ណោះ ដើម្បីជាប្រយោជន៍រួម សម្រួលនៃការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលពេលមានបញ្ហាអគ្គិភ័យ កើតឡើង ។

ពួកគាត់ បន្តថា ពួកគាត់បានប្តឹងទៅស្ថាប័នពាក់ព័ន្ធអស់ហើយ តែគ្មានចំណាត់ការមានប្រសិទ្ធភាពទាល់តែសោះ រហូតម្ចាស់ដីដែលមានប្លង់រឹងរំលោភលើផ្លូវសាធារណៈមួយនេះ បាននិងកំពុងសង់របងឡើងជាបន្តបន្ទាប់ ។

ពួកគាត់ពិតជាអស់ជំនឿលើអាជ្ញាធរមូលដ្ឋានហើយ មានតែលើកដៃសំពះសុំអោយយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ ផង ។

យោងតាមឯកសារជាច្រើន បានបង្ហាញថា រឿងរ៉ាវដ៏ចម្រូសចម្រាសនេះ កើតឡើងដោយសារតែឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន បានលក់ដីមួយកន្លែងមានទទឹង២១ម៉ែត្រនិងបណ្តោយ២៥ម៉ែត្រ ស្ថិតនៅលើផ្លូវលេខ១១៣ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅអោយឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា ក្នុងតម្លៃ៤២ម៉ឺនដុល្លារ ។

ភាគីអ្នកទិញ គឺ បានកក់ប្រាក់ចំនួន២០ម៉ឺនដុល្លារ រួចក៏បានធ្វើសកម្មភាពចង់សង់របងលើដីដែលខ្លួនបានទិញ ស្រាប់តែមានសកម្មភាពប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះការតវ៉ា ថា ដីនេះ គឺ ជាដីសាធារណៈ ទៅវិញ ។

«ពាក្យបណ្តឹងសុំបើកផ្លូវ» របស់ប្រជាពលរដ្ឋឈ្មោះ សរ អេង និង ឈ្មោះ ស៊ីវ វិសេស អមដោយស្នាមមេដៃប្រជាពលរដ្ឋជិត២០០គ្រួសារ ដាក់ជូនលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ក្នុងកម្មវត្ថុ ៖ សំណើសុំបើកផ្លូវលំសាធារណៈមួយខ្សែ គ្មានលេខ ដែលតភ្ជាប់ពីផ្លូវលេខ១១៣ទៅផ្លូវលេខ១១៤ ចំណុចខាងជើងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រជាពលរដ្ឋ អះអាងថា ផ្លូវលំសាធារណៈមួយខ្សែ គ្មានលេខ ដែលតភ្ជាប់ពីផ្លូវលេខ១១៣ទៅផ្លូវលេខ១១៤ ចំណុចខាងជើងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នេះ ត្រូវបានប្រជាពលរដ្ឋទូទៅ ជាពិសេសគ្រួសារដែលមានទីលំនៅតាមបណ្តោយផ្លូវលំនេះ បានប្រើប្រាស់ផ្លូវលំមួយខ្សែនេះជាសាធារណៈ ចាប់តាំងពីសង្គមចាស់រហូតមកទល់អំឡុងឆ្នាំ២០០៥ ដោយពុំមានការរំខានពីជនណាឡើយ ។

បន្ទាប់មក ចាប់ពីអំឡុងឆ្នាំ២០០៥ ស្រាប់តែគ្រួសារឈ្មោះ ជាវ ស៊ុនហាក់ និង ប្រពន្ធឈ្មោះ គឹម ហៀក បានរំលោភកាន់កាប់ផ្លូវលំនេះ មួយកំណាត់ផ្នែកខាងជើង ចាប់ត្រឹមពីផ្លូវលេខ១១៣ រហូតដល់ច្រកទ្វារចូលផ្ទះរបស់ឈ្មោះ សរ អេង ដែលមានប្រវែងប្រហែល៤០ម៉ែត្រ ដោយឈ្មោះ ជាវ ស៊ុនហាក់ និង ប្រពន្ធឈ្មោះ គឹម ហៀក បានប្រើរូបភាពធ្វើរោងតយ៉ាកចេញពីផ្ទះរបស់ខ្លួន រំកិលបន្តិចម្តងៗមកលើផ្លូវសាធារណៈ និង ធ្វើអាជីវកម្ម សិប្បកម្មចង្ក្រានសម្រាប់លក់ ដោយបានដាក់សម្ភារៈសម្រាប់ធ្វើចង្ក្រាន , ចាក់អាចម៍ដីសម្រាប់ធ្វើចង្ក្រាននៅលើផ្លូវសាធារណៈ បង្កការរំខាន និង ជាឧបសគ្គសម្រាប់អ្នកធ្វើដំណើរ ។

ក្រោយមក ឈ្មោះ ជាវ ស៊ុនហាក់ និង ប្រពន្ធឈ្មោះ គឹម ហៀក បានផ្ទេរសិទ្ធិកាន់កាប់ ដោយមានឯកសារប្លង់រឹងប្រគល់អោយឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន ។

ឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន បានលក់ដីនេះបន្តអោយឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា ក្នុងតម្លៃ៤២ម៉ឺនដុល្លារ ។

អ្វីដែលជាចំណុចសំខាន់ ក្នុងរឿងនេះ គឺ ពេលដែលឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា ចាប់ផ្តើមធ្វើសកម្មភាពលើដីដែលខ្លួនបានទិញដោយត្រឹមត្រូវ ស្រាប់តែមានសកម្មភាពតវ៉ាពីប្រជាពលរដ្ឋ តែម្តង ។

ពេលនេះ ភាគីអ្នកទិញ គឺ ឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា គឺ ជាអ្នកខាតបង់ និង ខាតពេលវេលាទាំងស្រុង ព្រោះតែការទិញដោយត្រឹមត្រូវបង្ហាញឯកសារប្លង់រឹងពីភាគីអ្នកលក់ គឺ ឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន ហើយ បែរជាប្រជាពលរដ្ឋ ចេញមុខតវ៉ា ថា ជាដីសាធារណៈទៅវិញ ។

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ការរត់ឯកសារប្លង់រឹងនេះ អាចមានភាពមិនប្រក្រតី បង្កប់នូវអំពើពុករលួយជាប្រព័ន្ធ ដែលសំណូមពរអោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង ស្ថាប័នពាក់ព័ន្ធ ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស្រាវជ្រាវផង ៕ ដោយ៖ ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print