កាលពីថ្ងៃទី១៤ខែកក្កដា រដ្ឋាភិបាលយោធាថៃបានសម្រេចផ្អាកការបញ្ចូនក្រុមជនជាតិអ៊ុយហ្គ័រ ៥២នាក់ទៅកាន់ប្រទេសចិនវិញដោយមូលហេតុផ្សេងៗ។
កាលពីសប្តាហ៍មុនរដ្ឋាភិបាលថៃបានបញ្ចូនជនជាតិអ៊ុយហ្គ័រ១០៩នាក់ ប៉ុន្តែ នៅសល់៥២ទៀតជាប់ឃុំក្នុងប្រទេសថៃដដែល។ ក្នុងពេលជាមួយគ្នានោះចិនបានស្នើដល់ថៃឲ្យបញ្ចូនមនុស្សទាំងអស់ត្រឡប់ទៅចិនវិញ ដោយសារតែអ្នកទាំងនោះមានមួយចំនួនធំបានចូលរួមជាមួយក្រុមភេរវកម្ម ។
ក្រសួងសន្តិសុខចិនបានឲ្យដឹងថា «ក្នុងចំណោមមនុស្ស១០៩នាក់ មាន១៣នាក់ជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្ម។
នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចាមិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញរឿងរ៉ាវខាងលើនោះឡើយ ដោយថៃក៏មិនហានបញ្ចាក់ថាជនជាតិអ៊ុយហ្គ័រទាំងនោះជាក្រុមភេរវកម្មដែរ។
ការបញ្ចូនជនជាតិអ៊ុយហ្គ័រទៅកាន់ប្រទេសចិនវិញ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិពិសេសគឺអាមេរិកនិងអង្គការសិទ្ធិមនុស្ស ដោយសារតែការបញ្ចូននោះជនជាតិអ៊ុយហ្គ័រអាចត្រូវប្រហារជីវិតដោយរដ្ឋាភិបាលចិន៕