ខេត្តកំពង់ធំ ៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ លោកមេបញ្ជាការរង កងទ័ពជើងគោក និងមេបញ្ជាការ យោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការត្រួតពិនិត្យកម្លាំង មធ្យោបាយ និងគ្រឿងបំពាក់ផ្សេងៗ ដើម្បីត្រៀមចល័តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅទីបញ្ជាការ វរសេនាតូចលេខ១ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក។
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា កងទ័ពដាច់ខាតត្រូវគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល និងគោរពបទបញ្ជាតាមឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់បណ្តាថ្នាក់ ឲ្យមានប្រសិទ្ធភាព។ កងទ័ពត្រូវស្មោះត្រង់ និងការពារដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។ ព្រមជាមួយនោះផងដែរកងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវបម្រើប្រជាជន ដោយស្មោះត្រង់ និងដោយឥតលក្ខខណ្ឌ នៅគ្រប់ទីកន្លែងនិងនៅគ្រប់ពេលវេលាដែលប្រជាជនមានទុក្ខលំបាក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់មេបញ្ជាការគ្រប់កងឯកភាព និងយោធិនគ្រប់រូប ត្រូវត្រៀមលក្ខណៈរួចជាស្រេចគ្រប់ពេលវេលា និងមានមធ្យោបាយគ្រប់គ្រាន់ ដើម្បីត្រៀមចល័តអន្តរាគមន៍ តាមបទបញ្ជា ក្នុងពេលត្រូវការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ពិសេសជំនន់ទឹកភ្លៀងនៅតាមបណ្តាភូមិសាស្ត្រមួយចំនួន ដោយសារពេលនេះភ្លៀងកំពុងធ្លាក់ផ្ទួនៗ នៅគ្រប់ទីកន្លែង ។
លោកវរសេនីយ៍ទោ ថនស៊ី សក្កដា មេបញ្ជាការ កងវរសេនាតូចលេខ១ នៃ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណ និងប្តេជ្ញាចិត្ត ក្នុងការអនុវត្តន៍ភារកិច្ចត្រៀមចល័តអន្តរាគមន៍តាមបទបញ្ជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិផ្សេងៗ ពិសេសគ្រោះទឹកជំនន់ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។
បន្ទាប់មកថ្នាក់ដឹកនាំ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងសម្ភារៈផ្សេងៗ សម្រាប់ធានាក្នុងពេលចល័តអន្តរាគមន៍បានទាន់ពេលវេលា តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឲ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សិលា